(សៀមរាប)៖ លោក ង៉ែត សុខចាន់ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ និងយុវជនរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូនៃក្រសួងអប់រំ យុវជន និងកីឡា ១៥០នាក់ មកស្តាប់បទបង្ហាញអំពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។
លោក ង៉ែត សុខចាន់ បានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះគឺចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងតំបន់វប្បធម៌ប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ក្នុងបំណងលើកកម្ពស់ការយល់ដឹង បំណិនជីវិត បណ្តុះស្មារតី សាមគ្គីភាព និងគោរពស្រឡាញ់ចំពោះបេតិកភណ្ឌ ពិសេសគឺការទទួលបាននូវចំណេះដឹងថ្មីៗ តាមរយៈបទបង្ហាញការងារពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា ទាក់ទងនឹងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានអង្គរ។
ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូយុវជនទាំង ១៥០ នាក់នេះ លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក៏បានធ្វើបទបង្ហាញអំពីកិច្ចការអភិរក្សប្រាសាទក្នុង និងក្រៅឧទ្យានអង្គរ បញ្ហាប្រឈម កិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ។
លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក៏បានធ្វើបទបង្ហាញអំពីការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ និងលោក ម៉ុក គន្ធី ប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ បានបង្ហាញអំពីស្ថាប័នអាជ្ញាធរជាតិអប្សរាដល់យុវជន ដើម្បីទទួលបានចំណេះដឹងថ្មី។
ក្រៅពីការស្តាប់បទបង្ហាញពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា គណៈប្រតិភូក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូនៃក្រសួងអប់រំ យុវជន និងកីឡា ក៏បន្តទទួលបានចំណេះដឹងបន្ថែមទៀតនៅតាមការដ្ឋានផ្ទាល់ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាទៀតផង៕