(រតនគិរី)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ ខេត្តរតនគិរី ១៥០នាក់។
ពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់លោក មួង ប៉ាង អភិបាលរង ខេត្តរតនគិរី និងមានការចូលរួមមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, ចៅក្រម, លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត, លោក-លោកស្រីស្នងការរង, អនុប្រធានផែន, នាយ-នាយរងការិយាល័យ, អធិការស្រុក, ក្រុងចំណុះឱ្យស្នងការនគរបាលខេត្តរតនគិរីជាច្រើនរូបផងដេរ។
ក្រោយស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានបង្ហាញរបាយការណ៍រួចមក, លោកឧត្តមសេនីយ៍ទោ នួន កក្កដា អនុប្រធាននាយកដ្ឋានបុគ្គលិក បានអានព្រះរាជក្រឹត្យ, អនុក្រឹត្យ និងសេចក្តីប្រកាសបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី១នាក់, ប្រកាសតែងតាំងស្នងការរង២នាក់, នាយការិយាល័យ២នាក់, នាយរងការិយាល័យ៣០នាក់, អធិការរង១១នាក់, មេបញ្ជាការងវរសេនាតូចការពារព្រំដែនគោក លេខ៦២៣ ម្នាក់, តម្លើងឋានន្តរស័ក្តិសរុបចំនួន ៤៣នាក់ (ស្រី៦នាក់) ចាប់ពីឧត្តមសេនីយ៍ត្រី រហូតដល់អនុសេនីយ៍ទោ។
ក្នុងឱកាសនោះដែរ លោក មួង ប៉ាង និងនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានផ្តាំផ្ញើនាយ-នាយរង និងពលនគរបាលទាំងអស់ដែលទើបទទួលតំណែង និងតម្លើងឋានន្តរស័ក្តិនាពេលនេះត្រូវខិតខំបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូនអនុវត្តតួនាទីភារកិច្ចតាមឋានានុក្រម ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយការប្រកាសតែងតាំង និងតម្លើងឋានន្តរស័ក្តិដោយសារគុណបំណាច់អស់លោកខិតខំធ្វើការមិនខ្លាចនឿយហត់កន្លងមក រីឯអ្នកមិនទាន់បានតែងតាំង និងបំពាក់ឋានន្តរស័ក្តិ គឺថ្នាក់លើនឹងរៀបចំជូនពេលក្រោយ។
ជាងនេះទៅទៀតសូមឱ្យអស់នាយ, នាយរង និងពលនគរបាលទាំងអស់ សូមឱ្យមានសាមគ្គីភាពផ្ទៃក្នុងល្អ, មានទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាព ស្ថាប័នផ្សេងៗ អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ហើយអរគុណសន្តិភាពដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ៕