Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការនឹង​ប្រកាស​សាលក្រម​សំណុំ រឿង​លោក​ អាំង​ មាលតី​ នៅ​រសៀលថ្ងៃនេះ

12-02-2016 08:59

(កណ្តាល​)៖​ នៅ​រសៀល​​ថ្ងៃទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​នេះ តុលាការនឹង​​ធ្វើ​ការ​ប្រកាស​សាលក្រម​​សំណុំរឿង​លោក​ អាំង​ មាលតី​ អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​ នេះបើយោងតាមមន្រ្តីតុលាការខេត្តកណ្តាលថ្លែងឲ្យដឹងយ៉ាងដូច្នេះ។

សូមជំរាបថា​ នៅក្នុងសវនការចុងក្រោយ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នា​ពេល​កន្លង​ទៅ លោក អាំង មាលតី បានសារភាពទោសកំហុសរបស់ខ្លួន ដោយសារការធ្វេស​ប្រហែស និងបានស្នើសុំឲ្យតុលាការប្តូរ​បទចោទប្រកាន់ និងបន្ថយទោស។

សូមបញ្ជាក់ថា អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាដំបូងរាជធានីភ្នំពេញ ដែលពោរពេញដោយរឿងអាស្រូវ ពុករលួយ លោក អាំង មាលតី នៅព្រឹកមិញនេះ ត្រូវបាននាំខ្លួន​មកសាកសួរនៅ​សាលាដំបូងខេត្តកណ្តាល។

លោក អាំង មាលតី ត្រូវបានលោក អ៉ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ដោយចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត។ បើយោងតាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ លោក អាំង មាលតី អាជាប់ទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។

លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃត្រង់ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការប្រព្រឹត្ត​អំពើពុករលួយ​ដោះលែង​ជនជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនឈ្មោះ ថៅ ថាវី នៅក្រៅឃុំបណ្តោះអាសន្ន ជាមួយថ្នូររថយន្ត Audi មួយគ្រឿង។

សូមជំរាបថា លោក អាំង មាលតី ត្រូវបានដកចេញពីតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែ កុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីមានសំណុំរឿងមិនប្រក្រតីជាច្រើន បានកើតមានឡើងនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ៕