(ព្រះសីហនុ)៖ ជនជាតិចិនមួយក្រុមមានគ្នា៤នាក់ ត្រូវកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនក្រោយសង្ស័យពាក់ព័ន្ធករណីចាប់ជំរិត និងប្រើប្រាស់ផ្លាកលេខឡានក្លែងក្លាយ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើការត្រួតពិនិត្យរថយន្តមួយគ្រឿង ម៉ាកស្តារិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BC-6802 ដែលបើកបរដោយជនជាតិចិន០៤នាក់។
លោកស្នងការបានបញ្ជាក់ទៀតថា ក្នុងការត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចរកឃើញសម្ភារមួយចំនួន ដែលជាឧបករណ៍ប្រើប្រាស់ក្នុងការចាប់ជំរិតមនុស្ស ទើបធ្វើការឃាត់ខ្លួនជនជាតិចិនទាំង០៤នាក់ ដែលនៅក្នុងរថយន្តតែម្តង។ ជនសង្ស័យទី១៖ ឈ្មោះ ZHANG GE XIN អាយុ៥០ឆ្នាំ, ទី២៖ឈ្មោះ LU LU អាយុ៣៥ឆ្នាំ, ទី៣៖ឈ្មោះ SONG JIA MING អាយុ៣៧ឆ្នាំ និងទី៤៖ ឈ្មោះ JIANG BAO អាយុ៤៣ឆ្នាំ។
ក្នុងប្រតិបត្តិការនោះ វត្ថុតាងចាប់យកបាន ដំបងឆក់០១ដើម, ខ្នោះដៃ០១គូរ, ស្រោមខ្នោះ០១, ខ្សែលួស០១ដុំ, ម៉ាស់១៨សន្លឹក, មួកកាតិបពណ៌ខ្មៅ០៤, ស្បោងក្រណាត់ខ្មៅសម្រាប់គ្របមុខមួយ, ស្រោមដៃ០៥គូរ, ទូរស័ព្ទដៃ០២គ្រឿង និងរថយន្តមួយគ្រឿង ម៉ាកស្តារិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BC-6802 (ស្លាកលេខក្លែងបន្លំ)។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានបញ្ជាក់អំពីកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសមួយករណីទៀត ពាក់ព័ន្ធការប្រើប្រាស់ និងកាន់កាប់អាវុធដោយខុសច្បាប់ ពីសំណាក់ជនជាតិចិន។
លោកបញ្ជាក់ថា នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍មកថា មានជនជាតិចិនម្នាក់ ឈរនៅកន្លែងស្ងាត់ នៅចំណុចអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ដែលមានការសង្ស័យ។ បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងនោះ ក៏ប្រទះឃើញមានជនសង្ស័យម្នាក់ ជាជនជាតិចិន ដូចដែលប្រជាពលរដ្ឋរាយការណ៍មក។
សមត្ថកិច្ចជំនាញក៏ឃាត់ខ្លួនជនសង្ស័យនោះ និងបានធ្វើការត្រួតពិនិត្យក្នុងខ្លួន រកឃើញអាវុធខ្លី០១ដើម ម៉ាក K59, បង់កាំភ្លើង០១ មានគ្រាប់ចំនួន០៤គ្រាប់, កាតបន្ទប់០១ និងទូរស័ព្ទ០១គ្រឿង ហើយសមត្ថកិច្ចក៏បានយកជនសង្ស័យនោះ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវ និងសួរនាំបន្ត៕