(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការយុទ្ធសាស្ត្រដើម្បីបណ្តុះបណ្តាលកម្លាំងសេវាដោយផ្តោតលើកិច្ចការពារកុមារ ២០២១-២០២៥ ដោយមានការជួយឧបត្ថម្ភគាំទ្រផែ្នកបច្ចេកទេសនិងហិរញ្ញវត្ថុពីអង្គការយូនីសេហ្វ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាអង្គសិក្ខាសាលាចំនួន ៥០នាក់។
សិក្ខាសាលាពិគ្រោះយោបល់នេះ ជាវេទិកាមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមពិគ្រោះពិភាក្សា ផ្លាស់ប្តូរមតិយោល់ និងចែករំលែកឱ្យគ្នាទៅវិញទៅមកនូវពុទ្ធិ សំដៅឱ្យកាន់តែច្បាស់លាស់ និងមានភាពគ្រប់ជ្រុងជ្រោយទៅលើសកម្មភាពរួមជាយុទ្ធសាស្ត្ររបស់ក្រសួងដើម្បីបណ្តុះបណ្តាលកម្លាំងសេវាសង្គម។
ផែនការយុទ្ធសាស្ត្រនេះ ដែលត្រូវបានព្រាងឡើងគឺជាផែនការដំបូងដែលមានរយៈពេលប្រាំឆ្នាំដោយផ្តោតលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជំនាញសង្គមកិច្ច ក្នុងគោលបំណង ពង្រឹងសមត្ថភាព កម្លាំងសេវាសង្គមឱ្យមានកម្រិតចំណេះដឹង និងកម្រិតជំនាញពិតប្រាកដប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្តល់សេវាជូនអតិថិជន ដែលជាជនរងគ្រោះនិងងាយរងគ្រោះធានាបាននូវប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនេះ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះបានដាក់ចេញនូវចំណុចជាយុទ្ធសាស្ត្រធំៗចំនួន ០៣ ដើម្បីយកមកពិភាក្សា ក្នុងការប្រមូលធាតុចូលបន្ថែមទៀតគឺ៖ ទី១ អភិវឌ្ឍន៍កម្មវិធី និងកញ្ចប់មេរៀនអប់រំបណ្តុះបណ្តាលកម្លាំងសេវា សង្គម ទី២ លើកកម្ពស់ប្រសិទ្ធភាពការអប់រំបណ្តុះបណ្តាលកម្លាំងសេវាសង្គម និងទី៣ ពង្រឹងសមត្ថភាពគ្រឹះសា្ថនអប់រំ បណ្តុះបណ្តាលកម្លាំងសេវាសង្គម។
លោក ខុម ផលលឿន នាយកវិទ្យាស្ថានជាតិសង្គមកិច្ច តំណាងឲ្យក្រសួងសង្គមកិច្ច បានលើកឡើងថា សិក្ខាសាលានេះ បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះ គឺជាផែនការដំបូងដែលផ្តោតលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជំនាញសង្គមកិច្ច ក្នុងគោលបំណងពង្រឹងសមត្ថភាពកម្លាំងសេវាសង្គមឱ្យមានកម្រិតចំណេះដឹង និងកម្រិតជំនាញពិតប្រាកដប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈដើម្បីផ្តល់សេវាជូនអតិថិជនដែលជាជនរងគ្រោះ និងងាយរងគ្រោះធានាបាននូវប្រសិទ្ធភាពខ្ពស់។
លោកបន្តថា ជាការពិតណាស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់គុណភាព និងធ្វើទំនើបកម្មលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យរបស់ខ្លួនផងដែរ។
លោក៏បានកោតសរសើរ ដល់ក្រុមការងាររបស់វិទ្យាស្ថានជាតិសង្គមកិច្ច និងអង្គការយូនីសេហ្វ ដែលបានរួមសហការនិងគាំទ្រដល់ការបង្កើតផែនការយុទ្ធសាស្ត្រ ដើម្បីបណ្តុះបណ្តាលកម្លាំងសេវាសង្គមដោយផ្តោតលើកិច្ចការពារកុមារ ២០២១-២០២៥។ សិក្ខាសាលាថ្ងៃនេះ នឹងដំណើរការប្រកបដោយភាពរលូននិងប្រសិទ្ធភាពខ្ពស់ ទទួលបាននូវធាតុចូលនិងមតិយោបល់បន្ថែមពីអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីឈានទៅបញ្ចប់ឯកសារសំខាន់នេះទាំងស្រុង ស្នើសុំការអនុម័តពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕