(ភ្នំពេញ)៖ លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៉ីប្រចាំកម្ពុជា បានអះអាងថា យ៉ាងហោចណាស់ មានក្រុមហ៊ុនចំនួន៣ ដែលជាក្រុមហ៊ុនធំៗរបស់ប្រទេសម៉ាឡេស៉ី ចង់មកវិនិយោគនៅកម្ពុជា នាឆ្នាំ២០២១ ខាងមុខនេះ។
ការអះអាងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាស ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឱ្យ លោកឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសម។
លោក ហ៊ុន សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៉ី-ប៉ាស៉ីហ្វិក និងជាអ្នកនាំពាក្យរងក្រសួងការបរទេស បានឲ្យដឹងថា បើតាមលោកឯកអគ្គរាជទូតម៉ាឡេស៉ីប្រចាំកម្ពុជា, ក្រុមហ៊ុនធំៗទាំង៣ ដែលចង់វិនិយោគនៅកម្ពុជានោះ រួមមាន៖ ក្រុមហ៊ុន ដែលវិនិយោគខាងគ្រឿងបន្លាស់រថយន្ត, ក្រុមហ៊ុនដែលវិនិយោគខាងវិស័យថាមពលប្រេងកាត, និងក្រុមហ៊ុនដែលវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ។ លោកបន្តថា តាមពិតទៅក្រុមហ៊ុនទាំង៣នោះ ចង់ចូលមកកម្ពុជានៅឆ្នាំ២០២០ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ធ្វើឲ្យមានការរាំងស្ទះដល់បំណងវិនិយោគនេះ។
លោកបានស្រង់សម្តីលោកឯកអគ្គរាជទូត មកបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២០យើងនេះ មានក្រុមហ៊ុនធំៗ របស់ម៉ាឡេស៉ី ចំនួន៣ប្រភេទ ដែលមានបំណងចង់វិនិយោគនៅកម្ពុជា គឺទី១ ក្រុមហ៊ុន ដែលវិនិយោគខាងគ្រឿងបន្លាស់រថយន្ត, ទី២ ក្រុមហ៊ុនដែលវិនិយោគខាងវិស័យថាមពលប្រេងកាត និងទី៣ ក្រុមហ៊ុនដែលវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ក៏ប៉ុន្តែ ដោយសារវិបត្តិកូវីដ១៩ ក៏ធ្វើឲ្យមានការលើកពេលនៅក្នុងការវិនិយោគ ប៉ុន្តែក្រុមហ៊ុនទាំង៣ ខាងលើនៅតែប្តេជ្ញាចិត្ត ចូលមកវិនិយោគនៅកម្ពុជា នៅក្នុងឆ្នាំ២០២១ ខាងមុខនេះ»។
រយៈពេល ៣ឆ្នាំចុងក្រោយនេះ តួលេខវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា និងម៉ាឡេស៉ី មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយវត្តមាននៃក្រុមហ៊ុនទាំង៣ ដូចបានរៀបរាប់ខាងលើ នឹងជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំង២ ឲ្យកាន់តែធំធាត់ទៅមុខទៀត និងផ្តល់ប្រយោជន៍ទៅវិញទៅមក។ នេះបើតាម លោក ហ៊ុន សារឿន។
ក្នុងឱកាសជំនួបនោះដែរ លោកឯកអគ្គរាជទូត បានប្រគល់ជូនលោកឧបនាយករដ្ឋមន្រ្តី នូវមូលទានប័ត្រនៃវិភាគទានជារូបិយវត្ថុរបស់រដ្ឋាភិបាលម៉ាឡេស៉ី ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ២៥០០០ដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ជនរងគ្រោះដោយសារទឹកជំនន់ នៅកម្ពុជាក្នុងពេលថ្មីៗនេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចាត់ទុកថា នេះជាកាយវិការដ៏ល្អប្រសើរ របស់រាជរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៉ី ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា។
ប្រមុខការទូតកម្ពុជា ថែមទាំងបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៉ី ដែលបានផ្ញើសារអបអរសារទរកម្ពុជា ក្នុងទិវាឯករាជ្យជាតិ លើកទី៦៧។
លោក ប្រាក់ សុខុន តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានអបអរសាទរដល់ប្រទេសម៉ាឡេស៉ី ដែលបានរៀបចំកិច្ចប្រជុំ APEC ដ៏ជោគជ័យ ដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះផងដែរ៕