(ភ្នំពេញ)៖ ក្រុមហ៊ុនទេសចរណ៍ និងគេហទំព័រលំដាប់ពិភពលោកចំនួន៤ បានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញទំនាក់ទំនងរបស់ខ្លួនជាបន្តបន្ទាប់ថា នៅឆ្នាំ២០២០ ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ល្អបំផុតសម្រាប់មកទស្សនា និងរស់នៅ។
ក្រុមហ៊ុនទេសចរណ៍ និងគេហទំព័រលំដាប់ពិភពលោកទាំង ៤ នោះរួមមាន៖
ទី១៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន My International Movers ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចុះផ្សាយពីប្រទេសរួសរាយបំផុតទំាង ១០ សម្រាប់មកទស្សនា និងរស់នៅទូទាំងពិភពលោក (Top 10 Friendliest Countries in the World to Move To)។
ទិន្នន័យដែលក្រុមហ៊ុនទទួលពីការស្រាវជ្រាវបានបញ្ជាក់ថា កម្ពុជា គឺជាគោលដៅដ៏ល្អបំផុត ដោយមានប្រជាជនរួសរាយរាក់ទាក់ និងដំណើរកម្សាន្តដែលមានតម្លៃសមរម្យ។
https://myinternationalmovers.com/friendliest-countries-in-the-world/
ទី២៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ គេហទំព័រ OUTRAGE Travel បានចុះផ្សាយអំពីប្រទេសដ៏មានសុវត្ថិភាពបំផុតទាំង ៥ សម្រាប់មកទស្សនានៅក្នុងតំបន់អាស៊ី (Five of the safest places to visit in Asia) ដោយកម្ពុជាត្រូវបានជាប់ជាប្រទេសដែលមានសុវត្ថិភាពបំផុត និងបង្ហាញថាជាប្រទេសដែលមានវប្បធម៌ ព្រមទាំងបុរាណស្ថានបែបសាសនាដ៏សម្បូរបែប។
https://outragemag.com/five-of-the-safest-places-to-visit-in-asia/
ទី៣៖ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ កម្ពុជាក៏ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០២០ (International Travel Award 2020) ដោយសមាគមអ្នកនិពន្ធទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Pacific Area Travel Writers Association) ដែលមានស្នាក់ការនៅប្រទេសឥណ្ឌា ដោយបានចាត់ទុកកម្ពុជាជាគោលដៅដ៏ល្អបំផុតសម្រាប់បេតិកភណ្ឌវប្បធម៌ (Cambodia-Best Destination for Heritage)។
http://www.patwainternational.com/awards2019-20.html
ទី៤៖ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនអន្តរជាតិ Big 7 Travel បានចុះផ្សាយពី គោលដៅទេសចរណ៍ល្អបំផុតសម្រាប់ការសម្រាកលំហែចំនួន ៧ កន្លែង លើពិភពលោក (The 7 Most Relaxing Locations In The World) ដោយខេត្តសៀមរាប ក៏ជាកន្លែងមួយក្នុងនោះផងដែរ។ បើយោងតាមព័ត៌មានរបស់វេបសាយ Big 7 Travel បានបង្ហាញថា សៀមរាបជាទីក្រុងស្ងប់ស្ងាត់ដ៏សែនមនោរម្យ ដោយមានរមណីយដ្ឋាន និងប្រាសាទដ៏ទាក់ទាញជាច្រើនកន្លែង ជាពិសេសប្រាសាទអង្គរវត្ត។
https://bigseventravel.com/2020/09/most-relaxing-locations-in-the-world/
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងទេសចរណ៍បានផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពស្ដីពីការធ្វើដំណើរ និងទេសចរណ៍ ហើយក្រសួងក៏បាននឹងកំពុងរៀបចំធ្វើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ដើម្បីស្តារឡើងវិញនូវវិស័យទេសចរណ៍ ឆ្នាំ២០២១- ២០២៥ ផងដែរ។
ការផ្តល់នូវចំណាត់ថ្នាក់ទាំងនេះបានបង្ហាញអំពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទាក់ទាញអ្នកទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀតក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិកូវីដ-១៩៕