(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្ទេរតំណែងប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិករបស់និយ័តករទូរគមនាគមន៍កម្ពុជា ជាច្រើនរូប នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការនិយ័តករទូរគមនាគមន៍កម្ពុជា។
លោក ម៉ូវ ចរិយា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើរបាយការណ៍សង្ខេប ស្តីពីសមិទ្ធផលការងារធំៗ របស់និយ័តករទូរគមនាគមន៍កម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ទាក់ទងនឹងការធ្វើទំនើបកម្មឧបករណ៍សម្ភារ ពង្រីកប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និង ICT ការបង្រ្កាបបទល្មើស និងបង្កើនសមត្ថភាពធនធានមនុស្ស ការគាំពារជីវភាពមន្ត្រីរាជការ និយោជិត ដើម្បីធានាបាននូវភាពរឹងមាំនៃស្មារតីសាមគ្គីភាព ជាដើម។
ថ្លែងនាឱកាសនោះ លោក ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដែលទើបត្រូវបានតែងតាំង បានថ្លែងថា លោកសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ប្រមុខរាជរដ្ឋាភិបាល និងលោករដ្ឋមន្ត្រី ដែលបានផ្តល់ទំនុកចិត្ត តែងតាំងលោកមកដឹកនាំនិយ័តករទូរគមនាគមន៍កម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់លោក ម៉ូវ ចរិយា ក្នុងការដឹកនាំស្ថាប័នក្នុងរយៈពេលកន្លងមក ដែលធ្វើឲ្យវិស័យនេះ មានការប្រែប្រួលរីកចម្រើនគួរឲ្យកត់សម្គាល់។
លោកប្រធាន បានធ្វើការប្តេជ្ញាចិត្តខ្ពស់ចូលរួមអនុវត្ត ឲ្យបានជោគជ័យនូវគោលនយោបាយកែទម្រង់ដែលមិនរារែក និងមិនរាថយ ប្រកាន់ខ្ជាប់សិល្បៈដឹកនាំ ទន់ភ្លន់តែម៉ឺងម៉ាត់ ប្រកបដោយថាមភាពរស់រវើករបស់លោករដ្ឋមន្ត្រី ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យ ទូរគមនាគមន៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងស្មោះត្រង់។
នៅក្នុងឱកាសនេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗជាច្រើនរបស់លោក ម៉ូវ ចរិយា ដែលសម្រេចបានសម្រាប់វិស័យ និងអង្គភាពក្នុងពេលកន្លងមក។
លោករដ្ឋមន្ត្រី បានធ្វើការគូសរំលេចនូវកិច្ចការជាអាទិភាពសំខាន់ៗមួយចំនួនសម្រាប់លោក ថោង ចិន្តា ឲ្យផ្តោតការយកចិត្តទុកដាក់ ក្នុងបង្កើនប្រសិទ្ធភាព នៃការធ្វើនិយ័តកម្ម ការគ្រប់គ្រងរបបអាជ្ញាបណ្ណ ការប្រមូលចំណូលពីវិស័យទូរគមនាគមន៍ ជំរុញរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា សំដៅធានាឲ្យបាន នូវការប្រកួតប្រជែងដោយស្មោះត្រង់ ការការពារអ្នកប្រើប្រាស់ ព្រមទាំងពង្រឹងគុណភាពសេវាទូរគមនាគមន៍ និងស្ថង់ដារគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍។
រដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានណែនាំឲ្យនិយ័តករទូរគមនាគមន៍កម្ពុជា បន្តពង្រឹងការគ្រប់គ្រងរដ្ឋបាល ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំពេញមុខងាររបស់ខ្លួន ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពជំនាញតាមរយៈការបណ្តុះបណ្តាលបន្ថែម។
លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ពីជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏សកម្ម និងប្រកបដោយថាមពលរបស់លោក ថោង ចិន្តា និងជាពិសេសការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរួមរបស់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និយោជិត គ្រប់ជាន់ថ្នាក់និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តសម្រេចបាននូវសមិទ្ធផលជាច្រើន ថែមទៀតជូនជាតិមាតុភូមិ៕