(កំពង់ចាម)៖ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអមដំណើរដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូអមដំណើរជាច្រើនទៀតនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ បានចុះពិនិត្យទីតាំងស្ពានឆ្លងកាត់ទន្លេ មេគង្គស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ ដែលគ្រោងធ្វើពិធីតភ្ជាប់នាព្រឹកថ្ងៃទី០៧ ខែធ្នូ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ដែរថា ស្ពានឆ្លងកាត់ទន្លេមេគង្គស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ស្ពាននេះមានបណ្តោយប្រវែង ១.១៣១ម៉ែត្រ, ទទឹងប្រវែង ១៣.៥០ម៉ែត្រ ចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
មន្ត្រីដដែលបានឱ្យដឹងទៀតថា ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ របស់ប្រជាពលរដ្ឋមកពីគ្រប់ទិសទីផងដែរ៕