(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាននឹងកំពុងអនុវត្ត ក្នុងការជំរុញវិស័យទេសចរណ៍ និងការបង្កើតជើង ហោះហើរផ្ទាល់ពីបរទេសមកកាន់កម្ពុជា បូករួមទាំងយុទ្ធនាការកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ក៏ដូចជាចលនាប្រឡងប្រណាំងទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ, យើងអាចរំពឹងបានថា នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ អន្ដរជាតិប្រមាណ៧លាននាក់ ព្រមជាមួយនឹងទេសចរណ៍ក្នុងស្រុកប្រមាណពី៨ទៅ១០លាននាក់ ធ្វើដំណីរទស្សនានៅទូទាំងប្រទេស។ នោះកម្ពុជាអាចរកចំណូលពីវិស័យ ទេសចរណ៍ រហូតដល់៥០០០លានដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅលើ Facebook របស់សម្តេចនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «វិស័យទេសចរណ៌កម្ពុជាកំពុងរីកលូតលាស់បោះជំហាន ទៅមុខគួរឲ្យសម្គាល់។ កម្ពុជាមានប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនរយពាន់ទៀត ដែលជាបិតិកភ័ណ្ឌជាតិ និងពិភពលោកដ៏ល្បីល្បាញ។ ទន្ទឹមនិងនោះយើងមានឆ្នេរសមុទ្រដ៏ល្អស្អាតជាប់ចំណាត់ថ្នាក់ពិភពលោក រួមទាំងតំបន់អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដ៏សម្បូរបែបជាច្រើនទៀត។
តាមកំណើនចំនួនទេសចរណ៌សព្វថ្ងៃនេះ គឺយើងអាចរំពឹងបានថា នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្ដរជាតិប្រមាណ៧លាននាក់ ព្រមជាមួយនឹងទេសចរណ៍ក្នុងស្រុកប្រមាណពី៨ទៅ១០លាននាក់ ត្រូវធ្វើដំណីរទស្សនានៅទូទាំងប្រទេស។ ចំណូលទេសចរណ៍នឹងកើនឡើង ដល់ប្រមាណ ៥០០០ លានដុល្លារក្នុងមួយឆ្នាំ ហើយចំណូលនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើននៃ ផលិតផលក្នុងស្រុកសរុបដែលជួយដល់ ការលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ប្រជាជន និងផ្ដល់ឱកាសការងារប្រមាណ៨០ម៉ឺននាក់ទៀតផង ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន កំពុងអនុវត្តបានជោគជ័យក្នុងការជំរុញវិស័យទេសចរណ៍និងការបង្កើត ជើងហោះហើរផ្ទាល់ ពីបរទេសមកកាន់កម្ពុជាជាដើម។ ទន្ទឹមនិងនេះយុទ្ធនាការកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈក៏ដូចជាចលនាប្រឡង ប្រណាំងទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ ក៏បានចូលរួមយ៉ាងសកម្មក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ បរទេសមកទស្សនាកម្ពុជាផងដែរ»៕