ខ្មាន់កាំភ្លើងម្នាក់ បាញ់ប្រហារសម្លាប់មនុស្ស៦នាក់ នៅការិយាល័យអប់រំ របស់អារ៉ាប៊ីសាអូឌីត
12-02-2016 01:34
(អារ៉ាប៊ីសាអូឌីត)៖ សារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារ នៅការិយាល័យមន្ទីរអប់រំ នាតំបន់ភាគខាងត្បូង ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យបុគ្គលិក៦នាក់ស្លាប់ នៅក្នុងអ្វីដែលក្រុមអាជ្ញាធរកំពុងទទួល ការវាយប្រហារដោយឧក្រិដ្ឋកម្ម។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត លោក Mansour Turki បានឲ្យដឹងថា ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន។ លោកបន្តថា មានមនុស្ស២នាក់ ក៏បានទទួលរងរបួស នៅក្នុងហេតុការណ៍ ដែលបានកើតឡើងនៅអគាររដ្ឋាភិបាល Aldair Bani Malik ក្នុងតំបន់ Jizan។ ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគេមើលឃើញថា មានហេតុការណ៍ប្រកបដោយ ហិង្សាជាច្រើនបានកើតឡើង នៅរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈទើបតែមានការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក និងកាំភ្លើងមួយ ដែលបានកើតឡើងលើក្រុមអ្នកគោរពបូជាសាសនាម៉ូស្លីមនីកាយស៊ីអ៊ីត នៅភាគខាងកើត ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែមករា ដោយបានសម្លាប់មនុស្សចំនួន៤នាក់៕