(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សាលើការរៀបចំបង្កើតប្រព័ន្ធ បញ្ជីអេឡិចត្រូនិក អំពីសេវាកម្មផ្នែកពិការភាពនៅកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។
ប្រព័ន្ធបញ្ជីអេឡិចត្រូនិកអំពីសេវាកម្មផ្នែកពិការភាព ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងកាកបាទក្រហមអូស្ត្រាលី (ARC) ក្នុងឆ្នាំ២០១៤។
នៅក្នុងឆ្នាំ២០១៥ អគ្គលេខាធិការដ្ឋានបានធ្វើកិច្ចសហការជាមួយអង្គការជនពិការអន្តរជាតិ (HI), អង្គការយូនីសេហ្វ (UNICEF) និង អង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដើម្បីធ្វើបច្ចុប្បន្នភាពនិងកែទម្រង់ ដែលងាយស្រួលសម្រាប់កអ្នកប្រើប្រាស់ស្វែងរកទិន្នន័យ តាមប្រព័ន្ធអេឡិចត្រូនិច និងជាផ្នែកមួយនៃការបន្តខិតខំប្រឹងប្រែងផ្ដល់ព័ត៌មានឲ្យទាន់ពេលវេលា អំពីប្រភេទសេវាកម្មសម្រាប់ជនពិការនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ប្រព័ន្ធបញ្ជីអេឡិចត្រូនិកអំពីសេវាកម្មផ្នែកពិការភាព គឺបង្ហាញពីភាពងាយស្រួលក្នុងការស្វែងរកសេវាកម្មនានា ដែលពាក់ព័ន្ធជនពិការដូចជា៖ ស្ថាប័នពិគ្រោះយោបល់ការងារពិការភាព ទីតាំងផ្តល់ការស្តារលទ្ធភាពពលកម្មកាយសម្បទា, កន្លែងផលិតសំភារៈ, អង្គការធ្វើការងារ ពាក់ព័ន្ធជនពិការ, ប្រភេទសេវា, តំបន់ប្រតិបត្តិការ, ប្រភេទពិការភាព និងអាយុ ព្រមទាំងព័ត៌មានជាច្រើនទៀតពាក់ព័ន្ធការងារពិការភាព អគ្គលេខាធិការការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ គ្រោងនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបញ្ជីអេឡិចត្រូនិកសេវាកម្មផ្នែកពិការភាពនេះ នៅពេលដ៏ខ្លីខាងមុខនេះ៕