(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក ក្នុងនោះយប់ ៤លើក បណ្តាលអោយមនុស្សស្លាប់ ៦នាក់ (ស្រី២នាក់) រងរបួសធ្ងន់៥នាក់ (ប្រុស) និងរបួសស្រាល៦នាក់ (ស្រី១នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១១គ្រេឿង រួមមានម៉ូតូចំនួន៧គ្រេឿង រថយន្តធុនតូចចំនួន២គ្រេឿង និងយានផ្សេងៗ២គ្រេឿង។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន ៣លើក ,មិនគោរពសិទ្ធិ ១លើក , មិនប្រកាន់ស្តាំ ២លើក, និងបត់គ្រោះថ្នាក់ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៥នាក់ (យប់៩នាក់) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន២លើក និងផ្លូវខេត្ត/ក្រុង ចំនួន៥លើក។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ៣លើក រថយន្តធុនតូច២លើក និងគោយន្តកន្ត្រៃ ២លើក។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តត្បូងឃ្មុំ ១លើក ស្លាប់៤នាក់ (ស្រី១នាក់) របួស១នាក់ ខេត្តសៀមរាប ៣លើក ស្លាប់២នាក់ (ស្រី១នាក់) របួស២នាក់ (ស្រី១នាក់) និងខេត្តឧត្តរមានជ័យ ១លើក របួស៤នាក់។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេស មានចំនួន១០៩១០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៤៤៨៤គ្រឿង និងពិន័យសរុប៦៤២៦គ្រឿង៕