(ភ្នំពេញ)៖ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលអង្គភាព Fresh News ទើបទទួលបាននៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ តាមរយៈនាយឧត្តមសេនីយ៍ សេរី កុសល ផ្ញើចេញពីស្ថានទូតកូរ៉េខាងជើងប្រចាំនៅកម្ពុជា។ សេចក្តីថ្លែងការណ៍នោះមានភាសាខ្មែរចំនួន២ទំព័រ និងភាសាអង់គ្លេសចំនួន១០ទំព័រ។
សេចក្តីថ្លែងការណ៍របស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង និងជាលេខាធិការទី១ នៃគណបក្សពលករកូរ៉េ ប្រធានទី១ នៃគណៈកម្មាធិការការពារជាតិ របស់សាធារណរដ្ឋកូរ៉េ និងជាមេបញ្ជាការជាន់ខ្ពស់ នៃកងទ័ពប្រជាជនកូរ៉េ បានឲ្យដឹងថា៖
«សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ជាអ្នកធ្វើឲ្យរាំងស្ទះការបង្រួបបង្រួមឡើងវិញនៅឧបទ្វីបកូរ៉េ។ យើងគួរបដិសេធអន្តរាគមន៍របស់បរទេស ហើយដោះស្រាយបញ្ហាទំនាក់ទំនងរបស់អន្តរកូរ៉េ និងការបង្រួបបង្រួមជាតិឡើងវិញ។ វាគ្មានអ្វីក្រៅពីកម្លាំងខាងក្រៅ ដែលបានបែងចែកប្រជាជាតិ របស់យើង។ ហើយវាគ្មាននរណាក្រៅពីសហរដ្ឋអាមេរិក និងសម្ព័ន្ធរបស់វា ដែលធ្វើឲ្យរាំងស្ទះការបង្រួមបង្រួមនេះ»។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា «ឧបទ្វីបកូរ៉េបានក្លាយជាចំណុចក្តៅបំផុតនៅលើពិភពលោក និងជាតំបន់ក្តៅមួយនៃសង្គ្រាមនុយក្លេអ៊ែរ ដោយសារយុទ្ធសាស្រ្តឈ្លានពានរបស់សហរដ្ឋអាមេរិក ដើម្បីត្រួតត្រាតំបន់អាស៊ី។ ដូច្នេះអាជ្ញាធរអាមេរិក និងកូរ៉េខាងត្បូង ត្រូវតែបញ្ឈប់សមយុទ្ធ នៃសង្គ្រាមឈ្លានពានដែលអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង និងត្រូវផ្អាកសកម្មភាពបង្កហេតុខាងយោធា ដែលធ្វើឲ្យមានភាពតានតឹងកាន់តែ ធ្ងន់ធ្ងរនៅលើឧបទ្វីបកូរ៉េ»។
ពាក់ព័ន្ធនឹងថ្លែងការណ៍នេះ នាយឧត្តមសេនីយ៍ សេរី កុសល បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា បញ្ហាកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺជារឿងបញ្ហាផ្ទៃក្នុងរបស់គេទេ, ហើយកម្ពុជាមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់គេឡើយ។ ហើយកម្ពុជាក៏មិនដឹងពីទំហំនៃការឈឺចាប់ របស់ប្រទេសមហាអំណាចនានា យ៉ាងម៉េចផងដែរ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង ទទួលបានពីស្ថានទូតកូរ៉េខាងជើងប្រចាំនៅកម្ពុជា៖