(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឆ្លើយតប៣ចំណុច ទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលបានចោទប្រកាន់ចំពោះការបើកសវនាការកាត់ទោសលើសមាជិកក្រុមប្រឆាំងមួយចំនួនថា ធ្វើឡើងក្នុងហេតុផលនយោបាយ។
ប្រតិកម្មរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើឡើងក្រោយ លោកស្រី រ៉ូណា ស្មីត បាន ចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកថា ការជំនុំជម្រះក្ដីទ្រង់ទ្រាយធំទៅលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ២ថ្ងៃនេះ ទំនងជាកើតចេញពីហេតុផលនយោបាយ ខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ សិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវដែលបានបង្កើតឡើងយ៉ាងរឹងមាំដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក ជិន ម៉ាលីន បានបកស្រាយ៣ចំណុចដូចតទៅ៖
ទី១៖ មូលដ្ឋាននៃការអនុវត្តច្បាប់៖ វាជាការចោទប្រកាន់ជ្រាំដែល និងដដែលៗដោយគ្មានមូលដ្ឋានមកលើវិធានការរបស់សមត្ថកិច្ច ថាគ្មានមូលដ្ឋានច្បាប់ ដែលតាមពិតសម្ថកិច្ចមានមូលដ្ឋានផ្លូវច្បាប់រឹងមាំ និងច្បាស់លាស់ក្នុងដំណើរការនីតិវិធីតាមផ្លូវតុលាការលើជនជាប់ចោទ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ក្នុងការដាក់បន្ទុកតាមរយៈសក្ខីកម្ម និងភស្តុតាងនានាជាច្រើនដែលសមត្ថកិច្ចបានបង្ហាញនាពេលកន្លងមក។ តែផ្ទុយទៅវិញ មានតែក្រុមជនជាប់ចោទទាំងអស់នោះវិញទេ ដែលមិនមានភស្តុតាង និងសក្ខីកម្មរឹងមាំក្នុងការដោះបន្ទុកតាមផ្លូវច្បាប់ ក្រៅតែពីការចោទប្រកាន់សមត្ថកិច្ច និងតុលាការ ជួបជុំគ្នាតវ៉ា រត់គេចខ្លួន និងបដិសេធមិនចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការនាពេលកន្លងមក ដែលទាំងនេះមិនមែនជាមធ្យោបាយក្នុងការការពារខ្លូនតាមផ្លូវច្បាប់នោះទេ
ទី២៖ បទល្មើសដែលមានអ្នកពាក់ព័ន្ធច្រើន៖ វាជារឿងធម្មតា និងជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌ សំណុំរឿងមួយចំនួនអាចមានអ្នកជាប់ពាក់ព័ន្ធច្រើនកាលណាវាជាសំណុំរឿងដែលមានអង្គការចាត់តាំងរៀបចំចាត់ចែងច្បាស់លាស់ និងជាប្រព័ន្ធ ភាសាអង់គ្លេសហៅថា Organized crime ដែលតាមគោលការណ៍ច្បាប់ព្រហ្មទណ្ឌ ក្នុងសំណុំរឿងបែបនេះ អ្នកដែលជាប់ពាក់ព័ន្ធទាំងប៉ុន្មានត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចៗគ្នា។ ម្យ៉ាងវិញទៀត ការចេញដីកាជាបន្តបន្ទាប់នាពេលថ្មីនេះ ក៏អាចស្ថិតក្នុងគោលដៅនៃការអនុវត្ថយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ ក្នុងការពន្លឿនដំណើរការនីតិវិធីរបស់តុលាការ មិនមែនក្នុងគោលដៅធ្វើទុក្ខបុកម្នេញរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជនយោបាយអ្វីនោះទេ។
និងទី៣៖ សិទ្ធិទទួលបានយុត្តិធម៌ និងការពារខ្លួនតាមផ្លូវច្បាប់៖ សិទ្ធិទទួលបានយុត្តិធម៌ និងការពារខ្លួនតាមផ្លូវច្បាប់ ត្រូវបានធានាយ៉ាងពេញលេញដល់ជនជាប់ចោទ តាមរយៈការផ្តល់មេធាវីការពារក្តីនៅសវនាការតាមការចាត់តាំង ឬការជ្រើសរើសរបស់សមីខ្លួន ទោះបីពួកគេខ្លះមិនមានវត្តមានក្នុងស្រុកយ៉ាងណាក៏ដោយ។ ដូច្នេះ ពួកគេគួរតែចូលរួមក្នុងដំណើរការនីតិវិធីតុលាការ ដើម្បីការពារខ្លួនតាមផ្លូវច្បាប់ ជាជាងបដិសេធ និងគេចខ្លួន ហើយធ្វើការជួបជុំតវ៉ា ចោទប្រកាន់សមត្ថកិច្ច និងតុលាការដោយគ្មានមូលដ្ឋាន ដែលទាំងនេះមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ ក្នុងការការពារខ្លួនឱ្យរួចពីបទចោទនោះទេ៕