(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សា គណៈកម្មការ ទន្លេមេគង្គ (MRC) តំណាងកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៥ នាសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
កិច្ចប្រជុំខាងលើនេះ រៀបចំធ្វើតាមប្រព័ន្ធវីដេអូ និងដោយមានការចូលរួម ពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្រ្តី នៃប្រទេសជាសមាជិក MRC ៣ផ្សេងទៀត រួមមាន៖ ឡាវ ថៃ និងវៀតណាម តំណាងនៃប្រទេសដៃគូអភិវឌ្ឍន៍ ប្រទេសដៃគូសន្ទនា (ចិន មីយ៉ាន់ម៉ា) និងអង្គការតំបន់ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការដ្ឋាន MRC សរុបចំនួន១៥៧រូប។
កិច្ចប្រជុំខាងលើ បានពិនិត្យ ពិភាក្សាលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការតំបន់, ការអនុវត្តនីតិវិធីស្តីពី ការគ្រប់គ្រងការប្រើប្រាស់ទឹក, ស្ថានភាពជលសាស្រ្ត ក្នុងអាងទន្លេមេគង្គក្រោម, ការពិនិត្យតាមដានទន្លេ និងកិច្ចការពាក់ព័ន្ធសំខាន់ផ្សេងទៀត។
កិច្ចប្រជុំ ក៏បានពិនិត្យអនុម័តឯកសារសំខាន់ៗមួយចំនួន របស់ MRC ដូចជា៖ យុទ្ធសាស្រ្តអភិវឌ្ឍន៍អាង ឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២១-២០២៥, យុទ្ធសាស្រ្តគ្រប់គ្រងបរិស្ថាន, ផែនការមេផ្នែកនាវាចរណ៍, ផែនការការងារ MRC សម្រាប់ឆ្នាំ២០២០-២០២១ និងលក្ខន្តិកៈការងារសម្រាប់ ប៉ុស្តនាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC ដែលនឹងជ្រើសរើសចេញពីប្រទេសឡាវ សម្រាប់អណត្តិ០៣ឆ្នាំ បន្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។
ឯកសារយុទ្ធសាស្រ្ត ក៏ដូចជាផែនការការងារ ដែលបានអនុម័ត ដោយក្រុមប្រឹក្សានាពេលនេះ គឺបានកំណត់នូវអាទិភាព និងសកម្មភាពជាយុទ្ធសាស្រ្ត ដែល MRC ត្រូវអនុវត្ត ដើម្បីបន្តលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការតំបន់ ឲ្យបានកាន់តែរឹងមំា និងប្រសើរថែមទៀត ដើម្បីគិតគូរដោះស្រាយបញ្ហា ប្រឈមនានាឲ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។
សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧នេះ គឺបានដឹកនាំដោយលោក Sommad Pholsena រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ជាសមាជិកក្រុមប្រឹក្សា MRC តំណាងប្រទេសឡាវ ដែលទទួលវេនជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០២០៕