(ស្វាយរៀង)៖ លោកបណ្ឌិត ហ៉ីង ស៉ីដេត អគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ការកសាងធនធានមនុស្ស គឺជាកត្តាមិនអាចកាត់ផ្ដាច់ចេញពីគ្រប់ដំណាក់កាល នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកថ្លែងបែបនេះនៅក្នុងកម្មវិធី school visit ផ្សព្វផ្សាយអំពីសារៈសំខាន់នៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងជីវៈដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំមហោស្រពឆ្នេរទន្លេ ក្រុងស្វាយរៀង ដែលមានការចូលរួមពីលោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ព្រមទាំងលោកគ្រូអ្នកគ្រូសិសសានុសិស្សជាច្រើននាក់ផងដែរ។

លោកបណ្ឌិត ហ៉ីង ស៉ីដេត បានបន្តថា ការលើកកម្ពស់ធនធានមនុស្សនេះ ក៏ជាស្នូលនៃគោលដៅរបស់គោលនយោបាយជាតិ ស្តីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការបង្កើនបាននូវកម្លាំងពលកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចំណេះដឹងសមត្ថភាពជំនាញឥរិយាបថ ការងារសីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រប់ការងារពេញមួយជីវិត។

លោកក៏បានថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ លោកគ្រូអ្នកគ្រូនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ដែលបានខិតខំដឹកនាំជំរុញឲ្យវិស័យទាំងនេះ មានការរីកចម្រើន។ លោកចាត់ទុកថា សកម្មភាពនេះពិតជាបានរួមចំណែកដល់ការអនុវត្តគោលនយោបាយ ដែលបានកំណត់ក្នុងគោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានសំខាន់ ជួយសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបណ្ឌិត បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រងដឹកនាំវិទ្យាស្ថានទាំងអស់ នូវចំណុចសំខាន់មួយចំនួន រួមមាន៖

ទី១៖ ត្រូវបំពេញតួនាទីជាថ្នាក់ដឹកនាំមិនមែនអ្នកគ្រប់គ្រងត្រូវ តែជាអ្នកចាប់ផ្ដើមជាអ្នកណែនាំ ជាអ្នកការពារនិងទទួលខុសត្រូវមិនមែនចាំតែបញ្ជាចង្អុល។
ទី២៖ ត្រូវធ្វើការងារដោយមើលលើប្រយោជន៍អង្គភាពមិនមែនប្រយោជន៍បុគ្គល ឬគ្រួសារបក្សពួកនោះទេ ត្រូវសម្លឹងមើលពីឱកាសនិងមានការរៀបចំចក្ខុវិស័យបេសកកម្ម និងយុទ្ធសាស្ត្រឲ្យបានត្រឹមត្រូវក្នុងការពង្រឹងនិងអភិវឌ្ឍន៍អង្គភាពរបស់ខ្លួន។
ទី៣៖ ត្រូវធ្វើការជាក្រុមការងារមិនមែនជាការងារបុគ្គល ត្រូវមានការសហការមានសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ សំដៅបង្កើនប្រសិទ្ធិភាពការងារឲ្យបានទាន់ពេលវេលា។
ទី៤៖ ត្រូវមានតម្លាភាពលើការអនុវត្តការងារ ដោយមានការវាយតម្លៃជាប្រចាំទាំងថ្នាក់ដឹកនាំនិងបុគ្គលិក។
ទី៥៖ យកចិត្តទុកដាក់ក្នុងការងារផ្ដល់សេវាបណ្ដុះបណ្ដាលបានល្អ ឱ្យមានគុណភាពប្រកបដោយវិជ្ជាជីវៈខ្ពស់ដែលនឹងនាំមកនូវកិត្តិយស កេរ្តិ៍ឈ្មោះរបស់វិទ្យាស្ថាន។
ទី៦៖ ខិតខំអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងសាលាខេត្ត។
ទី៧៖ ត្រូវមានការគោរពនូវឋានានុក្រមការងារឲ្យបានខ្ជាប់ខ្ជួន។

លោក រស់ ផារិទ្ធ ថ្លែងបញ្ជាក់ថា វិស័យវិនិយោគឯកជន តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល បានទាក់ទាញ និងលើកទឹកចិត្តចំពោះវិស័យវិនិយោគ ជាក់ស្តែងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៨កន្លែង ហើយសរុបនៅទូទាំងខេត្តមានរោងចក្រ សហគ្រាសគ្រឹះស្ថានឯកជនចំនួន ២១៩កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋប្រមាណ ៨ម៉ឺននាក់។ ប្រការនេះ បានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ។

លោកបន្តថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ត្រូវទទួលរ៉ាប់រងការងារធំៗក្នុងដំណាក់កាល នៃការវិវត្តន៍វិស័យបច្ចេកទេសវិទ្យា ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មជំនាន់ទី (IR4.0) ដើម្បីលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលផលិតភាពការងាររបស់កម្មករនិយោជិត។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ត្រូវបានអ្នកបណ្ដាក់ទុនវិនិយោគធំៗ កំពុងតែបង្កើតរោងចក្រសហគ្រាសជាច្រើន ដែលអាចមានលទ្ធភាពទទួលយកកម្មករឲ្យចូលបម្រើការងារប៉ុន្តែអ្វីសំខាន់ គឺប្រជាពលរដ្ឋភាគច្រើនពុំមានជំនាញខ្វះបំណិនជីវិត ដើម្បីឈោងចាប់យកការងារធ្វើនៅតាមទីផ្សារការងារបញ្ហាទាំងនេះ។

បើតាមលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង បានឲ្យដឹងថា សព្វថ្ងៃវិទ្យាស្ថានមានសិស្សនិស្សិតកំពុងសិក្សាកម្រិតបរិញ្ញាបត្រសរុប ១០៥ នាក់ស្រី ៣៣នាក់ អ្នកឯកទេសធនាគារ និងហិរញ្ញវត្ថុ វិទ្យាសាស្រ្តកុំព្យូទ័រនិងវិស្វកម្មអគ្គិសនី។ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាប័ត្ររង ៣១៧ នាក់ ស្រី ៨៣នាក់។

ក្រៅពីនេះ អ្នកឯកទេសអគ្គិសនី វិទ្យាសាស្ត្រកុំព្យូទ័រ អក្សរសាស្ត្រអង់គ្លេស និងអេឡិចត្រូនិច។ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ (កម្រិតកម្មករជំនាញ) សរុប ២០០ នាក់ស្រី ៥២ នាក់ ជំនាញតម្លើងបណ្ដាញអគ្គិសនីក្នុងអាគារ សេវាថែទាំ និងជួសជុលរថយន្ត ជួសជុលម៉ាស៉ីនត្រជាក់គេហដ្ឋាន សេវាកម្មកុំព្យូទ័រសរុបសិស្សនិស្សិត ដែលកំពុងសិក្សានៅវិទ្យាស្ថានមានចំនួន ៦២២នាក់ស្រី ១៦៨នាក់៕