(ភ្នំពេញ)៖ ទោះបីស្ថិតក្នុងដំណាក់កាលពិបាកដោយសារជំងឺកូវីដ-១៩ សាធារណរដ្ឋកូរ៉េនៅតែព្រមទទួលយកពលករកម្ពុជាឱ្យធ្វើការនៅប្រទេសខ្លួន ដោយសារនិយោជកពេញចិត្តនឹងសមត្ថភាព ភាពស្មោះត្រង់របស់ពលករកម្ពុជា ខណៈពេលបច្ចុប្បន្នពលករកម្ពុជាប្រមាណជិត ៥០,០០០ នាក់កំពុងបម្រើការងារលើវិស័យនានានៅប្រទេសនេះ។
ការលើកឡើងនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ផាក ឃឿងយ៉ុង (Park Heung Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដែលកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង តាំងពីភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៩៧មក។
លោកបានបញ្ជាក់បន្ថែមអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះបានជំរុញទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េក្នុងឆ្នាំ២០១៩ ឱ្យឈានដល់ជាង ១,៥០០ លានដុល្លារអាមេរិក។ ទុនវិនិយោគមកពីប្រទេសកូរ៉េនៅកម្ពុជាមានតម្លៃជាង ៥ ពាន់លានដុល្លារអាមេរិក គិតមកដល់ពេលបច្ចុប្បន្ននេះ និងបានធ្វើឲ្យកូរ៉េក្លាយជាប្រទេសទី២ ក្នុងការវិនិយោគនៅកម្ពុជា។
លោកបានបន្តថា កម្ពុជា និងកូរ៉េកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីឈានទៅចុះហត្ថលេខាដាក់ឱ្យដំណើរការជាធរមាន នាពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងនេះនឹងជំរុញឱ្យទំហំពាណិជ្ជកម្ម និងការវិនិយោគកាន់តែមានការកើនឡើង ហើយវិនិយោគិនកូរ៉េ ក៏នឹងមកកម្ពុជាបន្ថែម ដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យជាច្រើនទៀត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៅលោកឯកអគ្គរដ្ឋទូតថា ក្រសួងការងារនឹងខិតខំពិនិត្យ ដោះស្រាយ គាំទ្រឱ្យកាន់តែប្រសើរថែមទៀតទៅលើកិច្ចសម្រួលពាណិជ្ជកម្មនានាពាក់ព័ន្ធទៅនឹងអ្នកវិនិយោទុនកូរ៉េ ដែលមានបំណងចូលមកធ្វើការវិនិយោគនៅកម្ពុជា។
ពាក់ព័ន្ធនឹងការបញ្ជូន-ទទួលពលករកម្ពុជាធ្វើការនៅប្រទេសកូរ៉េ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានលើកឡើងថា បន្ទាប់ពីស្ថានភាពកូវីដ-១៩ នៅប្រទេសកូរ៉េមានភាពធូរស្រាល ដែលអាចទទួលយកកម្លាំងពលកម្មបរទេសបាន កម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពមួយក្នុងចំណោមប្រទេសចំនួន ១៥ ផ្សេងទៀត ដោយសារកម្ពុជាមានស្ថានភាពកូវីដល្អប្រសើរ មានជើងហោះហើរច្រើន។
លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានលើកឡើងថា នៅក្នុងឆ្នាំ២០១៩ ពលករកម្ពុជាមានចំនួនច្រើនជាងគេក្នុងចំណោមពលករដែលធ្វើការនៅប្រទេសកូរ៉េ ហើយក្នុងដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០នេះ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនៅតែអនុញ្ញាតទទួលពលករកម្ពុជាដដែល។
លោកបានបញ្ជាក់ថា «មូលហេតុដែលកូរ៉េអនុញ្ញាតទទួលពលករកម្ពុជាយ៉ាងដូច្នេះ គឺដោយសារនិយោជកមានការពេញចិត្តនឹងសមត្ថភាពខ្ពស់របស់ពលករកម្ពុជា មានភាពស្មោះត្រង់នឹងការងារ និងអនុវត្តតាមការណែនាំរបស់ផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលកូរ៉េបានយ៉ាងហ្មត់ចត់»។
សូមជម្រាបថា ចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុប ៦៨,២៩៤ នាក់ (ស្រី ១៤,២៥៥ នាក់) ឱ្យទៅធ្វើការនៅប្រទេសកូរ៉េ ដែលរួមមានវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៤ ឆ្នាំ ១០ ខែ ខណៈពេលបច្ចុប្បន្ន ពលករកម្ពុជាដែលកំពុងធ្វើការនៅកូរ៉េមានចំនួនជិត ៥០,០០០ នាក់៕