(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ទោះបីកម្ពុជាជួបវិបត្តិកូវីដ១៩ ក៏គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត នៅតែដំណើរការអភិវឌ្ឍទៅមុខជាលំដាប់ ពិសេសបញ្ហាប្រឈមពលរដ្ឋ ត្រូវបានដោះស្រាយជូនជាអទិភាពតាមលំដាប់លំដោយ។
លោកបណ្ឌិតលើកឡើងបែបនេះ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ក្នុងឱកាសលោក និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ នៅស្រុកអូររាំងឪ។
វេទិកាផ្សព្វផ្សាយនោះ ធ្វើឡើងបរិវេណវត្តដំរិល ក្នុងឃុំដំរិល ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ។
នាឱកាសនោះលោក ស៊ាក ឡេង បានបញ្ជាក់ថាផងដែរថា វេទិកាពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវេទិកានេះបានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ នូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងគម្រោងជាអាទិភាពនានាក្នុងឆ្នាំខាងមុខ។
ជាពិសេសនោះនឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញនូវមតិយោបល់ព្រមទាំងលើកឡើងពីក្តីព្រួយបារម្ភ រួមទាំងបញ្ហាប្រឈមរបស់ខ្លួនពិសេសក្នុងមូលដ្ឋាន ដែលប្រជាពលរដ្ឋកំពុងរស់នៅដើម្បីឲ្យវាគ្មិនបកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបថា ក្នុងអង្គវេទិកា សំណូមពរ និងបញ្ហាប្រឈមនានារបស់ពលរដ្ឋនៅតាមបណ្តាភូមិ-ឃុំ ក្នុងមូលដ្ឋានស្រុកអូររាំងឪ សរុបចំនួន១៦ករណី ត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធឡើងបំភ្លឺឆ្លើយតបភ្លាមៗ និងត្រូវដោះស្រាយជូនតាមលំដាប់លំដោយផងដែរ៕