(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រោសព្រះរាជទានឱ្យលោកស្រី ដេវយ៉ានី ឧត្តម ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំង នៅព្រះបរមរាជវាំង។
ក្នុងឱកាសប្រោសព្រះរាជទានចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌា ដែលធ្វើឡើងនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះករុណាបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវការស្វាគមន៍យ៉ាងរាក់ទាក់ជូនចំពោះលោកស្រី និងបានព្រះរាជឱង្ការំលឹកឡើងវិញនូវទំនាក់ទំនងដ៏ស៊ីជម្រៅ យូរអង្វែង និងស្ថិតស្ថិររវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា ដែលមិនត្រឹមតែមាននៅក្នុងសម័យនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាកើតឡើងតាមរយៈទំនាក់ទំនងវប្បធម៌ និងសាសនាផ្សារភ្ជាប់ជាច្រើនសតវត្សរ៍កន្លងមក។
នាឱកាសនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជាលើគ្រប់វិស័យ ដូចជានយោបាយ វប្បធម៌ ការអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ ការកសាងសមត្ថភាពជាដើម។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានកោតសរសើរជាពិសេសចំពោះការងារអភិរក្សសម្បត្តិបេតិកភណ្ឌ ដែលឥណ្ឌាបាននិងកំពុងអនុវត្តនៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម។
លោកស្រីអគ្គរដ្ឋទូតបានពាំនាំការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងប្រជាជនឥណ្ឌាថ្វាយព្រះករុណា និងជូនប្រជាជនកម្ពុជា។ ជាមួយការសង្កត់ធ្ងន់លើសារៈសំខាន់ននៃទំនាក់ទំនងរវាងប្រទេសឥណ្ឌាជាមួយកម្ពុជា លោកស្រីបានទូលថ្វាយនូវការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការអភិវឌ្ឍ និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។
លោកស្រីបានទូលថ្វាយបន្ថែមទៀតថា លោកស្រីនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីធ្វើឱ្យមិត្តភាពយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ឈានដល់កម្រិតខ្ពស់មួយលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ។ លោកស្រីបានទូលថ្វាយទៀតថាប្រទេសឥណ្ឌាមានកិត្តិយស និងថ្លែងអំណរគុណចំពោះការអនុញ្ញាតឱ្យឥណ្ឌាក្លាយជាប្រទេសដំបូងក្នុងការជួយក្នុងការអភិរក្សប្រាសាទអង្គរវត្ត ដែលជាការបញ្ជាក់ពីការផ្សារភ្ជាប់វប្បធម៌ដ៏ជ្រាលជ្រៅរបស់ប្រទេសទាំងពីរ ហើយការងារស្តារប្រាសាទនេះក៏បានបានផ្តល់ឱកាសក្នុងការរុករកឡើងវិញនូវបេតិកភណ្ឌដ៏សម្បូរបែបនៃអរិយធម៌ និងវប្បធម៌ឥណ្ឌា។
ព្រះករុណាបានអបអរសាទរដល់លោកឯកអគ្គរដ្ឋទូត និងធានាផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញភារកិច្ចរបស់លោកស្រី។
មុនភារកិច្ចបច្ចុប្បន្ន លោកស្រីវេជ្ជបណ្ឌិត Devyani Khobragade ជាប្រធានគម្រោងកសាងសមត្ថភាព និងវប្បធម៌/បេតិកភណ្ឌ នៃក្រសួងការបរទេសឥណ្ឌា ក្នុងឋានៈអគ្គនាយក (រដ្ឋបាលភាពជាដៃគូអភិវឌ្ឍន៍) ចាប់តាំងពីឆ្នាំ២០១៩។ ក្នុងអំឡុងពេលអាជីពការទូតលោកជំទាវបានបម្រើការនៅទីក្រុងប៊ែរឡាំង ឥស្លាម៉ាបាដ ឥនៃទីក្រុងរ៉ូម និងញូវយ៉ក។ នៅទីស្នាក់ការកណ្តាលនៅទីក្រុងញូវដេលីលោកស្រីបានបម្រើការងារនៅក្នុងផ្នែកជាច្រើននៃក្រសួងការបរទេស រួមមានប៉ាគីស្ថាន អាហ្គានីស្ថាន និងអ៉ីរ៉ង់ អឺរ៉ុបកណ្តាល ហិរញ្ញវត្ថុ ផ្នែកកុងស៊ុល លិខិតឆ្លងដែន ទិដ្ឋាការ និងនាយកដ្ឋានសហករណ៍សហព័ន្ធ។ លោកស្រីអាចនិយាយភាសាអង់គ្លេស ម៉ារ៉ាធិន ហិណ្ឌូ និងអាល្លឺម៉ង់។
លោកស្រី Khobragade បានបោះពុម្ភរឿងខ្លីៗក៏ដូចជាសៀវភៅរឿងកុមារ ដែលមានប្រជាប្រិយមួយគឺរឿង ដំណើរផ្សងព្រេងរបស់យុវជនអេមប៊ែក។ ក្រៅពីគ្រូបង្ហាត់យូហ្គាដែលមានសញ្ញាបត្រ និងជាអ្នករត់ចម្ងាយ លោកស្រី ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវិបស្សនាកម្មដ្ឋាន និងព្រះពុទ្ធសាសនាផងដែរ៕