(ភ្នំពេញ)៖ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ហៅកាត់ថា «គ.ជ.ក.ប» បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកដំបូង ដើម្បីកំណត់ផែនការសកម្មភាពក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។
កិច្ចប្រជុំបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ កិច្ចប្រជុំនេះក៏មានការចូលរួមពីអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកជាច្រើនរូបផ្សេងទៀត។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីណែនាំអំពីសមាសភាពគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ពិនិត្យរបាយការណ៍ ដែលដាក់ជូនដោយលេខាធិការដ្ឋាន គ.ជ.ក.ប. និងកំណត់ផែនការសកម្មភាពរបស់ គ.ជ.ក.ប. ដែលនឹងត្រូវអនុវត្តក្នុងបុព្វហេតុការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់នៅកម្ពុជា ព្រោះ គ.ជ.ក.ប ដើរតួយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាពិនិត្យ និងដោះស្រាយបណ្តឹងដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់។
លោករដ្ឋមន្រ្តី បានបន្តថា ប្រព័ន្ធ និងគោលនយោបាយក្នុងកិច្ចការពារអ្នកប្រើប្រាស់របស់ប្រទេសកម្ពុជា គឺមានលក្ខណៈក្មេងខ្ចីនៅឡើយ បើធៀបទៅនឹងប្រទេសក្នុងតំបន់។ កិច្ចការពារអ្នកប្រើប្រាស់នេះ ក៏ជាប្រធានបទថ្មីសន្លាងសម្រាប់ប្រជាជនកម្ពុជាដែរ តែក្រោយការធ្វើកំណែទម្រង់តួនាទី និងភារកិច្ចរួចមក អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវគោលការណ៍ក្នុងកិច្ចការពារអ្នកប្រើប្រាស់ ជាសកម្មភាពអាទិភាពចម្បងរបស់អគ្គនាយដ្ឋាន និងរាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសារៈសំខាន់នៃវត្តមានរបស់សមាគមអ្នកប្រើប្រាស់ ដែលជាតំណាងឱ្យអ្នកប្រើប្រាស់ និងផ្តល់ការប្រឹក្សាឯករាជ្យជូនដល់អ្នកប្រើប្រាស់ រួមទាំងសម្របសម្រួលបញ្ហាទាក់ទងនឹងអ្នកប្រើប្រាស់ផងដែរ។
ជាមួយគ្នានេះដែរ លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ជាសមាជិក និងជាលេខាធិការនៃ គ.ជ.ក.ប បានរាយការណ៍ជូនអង្គប្រជុំថា មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចំនួន ៥២៧រូប ត្រូវបានផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ តាមរយៈប្រកាសអន្តរក្រសួងលេខ ១៣៣ កយ.ពណ.ប្រក/២០ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ និងបានរៀបចំនីតិវិធីសម្បថនៅមុខសាលាដំបូងរាជធានី-ខេត្តរួចរាល់ផងដែរ។
អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការរបស់ គ.ជ.ក.ប. ក៏បានដាក់ចេញនូវផែនការសកម្មភាពបន្តរបស់ខ្លួនដោយបានបន្តរៀបចំ សកម្មភាពកសាងនូវលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀតពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិស្ថិតនៅក្រោមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលរួមមាន៖
១៖ សេចក្តីព្រាងប្រកាសស្តីពី នីតិវិធីនៃការដោះស្រាយតាមរយៈការចរចាចំពោះបទល្មើសក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
២៖ សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និងស៊ើបអង្កេតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
៣៖ សេចក្តីព្រាងប្រកាសអន្តរវក្រសួងស្តីពី ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម និងការផ្សាយលក់ផលិតផលទំនិញ និងសេវា
បន្ថែមពីនេះលោកអគ្គនាយក បានអំពាវនាវឱ្យសាធារណៈជនទាំងអស់ ដែលមានបណ្តឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិអ្នកប្រើប្រាស់ អាចដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Facebook «អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ» ឬតាមរយៈអាសយដ្ឋាន ផ្លូវលេខ ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ក្នុងនោះមាត្រា៥ បានចែងអំពីការបង្កើតនូវគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់នេះឡើង។
តាមរយៈអាណត្តិដែលត្រូវបានផ្តល់ឱ្យដោយច្បាប់ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ក៏ត្រូវទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ រួមជាមួយសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានសមាសភាពពីតំណាងក្រសួង ស្ថាប័នចំនួន ១២រូប ដែលមាន លោក ប៉ាន សូរស័ក្តិ ជាប្រធាន គ.ជ.ក.ប. ហើយអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ និងជាលេខាធិការដ្ឋាន៕