(ភ្នំពេញ)៖ អគ្គិភ័យឆេះរោងម៉ាស៉ីនកិនស្រូវមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង ៩៖១០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបាញ់ពន្លត់ទាន់ពេល ដោយមិនបង្កឱ្យមានការរាលដាលទៅកន្លែងផ្សេងៗនោះឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីទទួលបានទូរស័ព្ទពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យឆេះរោងម៉ាស៉ីនកិនស្រូវ ភ្លាមៗនោះ លោកបានចេញបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៨គ្រឿង ដើម្បីចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងករណីអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញឡសម្ងួតស្រូវ (ទំហំ ៣ម៉ែត្រ x ២០ម៉ែត្រ) អស់ចំនួន ១ឡ និងពុំបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកក្បែរខាងឡើយ។ លោកវរសេនីយ៍ឯក បន្តទៀតថា ម្ចាស់ទីតាំខាងលើមានឈ្មោះ ប៊ុង សុធី ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរ ជាអាជីវករកិនស្រូវ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ដោយប្រើប្រាស់ទឹកអស់៤ឡាន ក្នុងនោះ រួមមាន៖
*រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៨គ្រឿង (ប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង)
*រថយន្តពន្លត់ពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន៣គ្រឿង (ប្រើប្រាស់ទឹកអស់ចំនួន១គ្រឿង)
*រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១គ្រឿង។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍បាញ់ឲ្យរលត់ទៅវិញនាវេលាម៉ោង ៩៖៥៣នាទីព្រឹកថ្ងៃដដែរ។ លោកនាយការិយាល័យរូបនេះ បានអះអាងទៀតថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះ មិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះឡើយ៕