(កំពង់ឆ្នាំង)៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចុះបង្ក្រាបការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ និងបានណែនាំ ប្រជានេសាទធ្វើឡូតិ៍នេសាទនៅតាមដៃព្រែក កុំឱ្យដាក់សាច់អួនក្រឡាញឹកដែលច្បាប់ហាមឃាត់ ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ត្រីល្អិត និងប៉ះពាល់ដល់ហ្វូងត្រីល្អិតផ្សេងៗ ហើយវានឹងធ្វើឱ្យដាច់ពូជ អស់មិនខានឡើយ និងសូមឱ្យប្រជានេសាទមេត្តា កុំប្រព្រឹត្តបែបនេះ ព្រោះសព្វថ្ងៃបងប្អូនកំពុងតែបំផ្លាញខ្លួនឯងហើយ។
ពាក់ព័ន្ធនឹងចំណុចនេះ លោក អ៉ិត សុធា បានលើកឡើងថា ជាក់ស្តែងរាល់ថ្ងៃកូនត្រីតូចល្អិតៗជាច្រើនតោន ក្នុងមួយថ្ងៃៗ ត្រូវបានគេសង្កេត ឃើញថាក្រុមអ្នកនេសាទបានដាក់ដៃព្រែក ដោយប្រើឧបករណ៍សាច់អួនក្រឡាញឹក និងស្បៃមុង ដាក់ផ្ជិតព្រែកក្នុងភូមិសាស្ត្រព្រែកយួន ឃុំកំពង់អូសស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងព្រែកជាច្រើនទៀត ក្នុងភូមិសាស្ត្រស្រុកជលគិរី ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កូនត្រីតូចៗដែលទើប និងកើត។ ត្រីល្អិតៗទាំងនោះ គឺសុទ្ធសឹងជាផលនេសាទដែលបានមកដោយការប្រើប្រាស់ឧបករណ៍នេសាទលើសពីការ កំណត់ក្នុងច្បាប់ស្តីពីជលផល ដែលត្រូវបានគេប្រើប្រាស់ដូចជាឧបករណ៍សាច់អួនក្រឡាញឹក និងការប្រើឧបករស្បៃមុងជាដើម។
ព្រះរាជអាជ្ញាបានបន្តថា ការបណ្តែតបណ្តោយឱ្យក្រុមនេសាទល្មើសច្បាប់ទាំងនោះធ្វើតាមទំនើងចិត្ត ប្រជានេសាទលក្ខណៈគ្រួសារក្នុងស្រុកជលគិរី មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះធនធានមច្ឆាជាតិ ខណៈឆ្នាំនេះទឹកឡើងយឺត ហ្វូងត្រីទាំងអស់ធំមិនទាន់នឹងការបំផ្លាញដោយសារឧបករណ៍នេសាទល្មើសច្បាប់ ដែលក្រុមអ្នកនេសាទបានប្រើប្រាស់ផ្ទុយពីច្បាប់ស្តីពីជលផល។ បើតាមប្រជាពលរដ្ឋក្នុងភូមិព្រែកយួន បានឱ្យដឹងថា កូនត្រីល្អិតតូចៗ ដែលបានពីការនេសាទល្មើសច្បាប់ទាំងនោះ ត្រូវបានឈ្មួញមកប្រមូលទិញរាល់ថ្ងៃ។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទ កម្លាំងចម្រុះក៏បានចាក់លែងកូនត្រីតូចៗចូលទៅក្នុងបឹងធម្មជាតិវិញជាច្រើនរយគីឡូផងដែរ៕