(ភ្នំពេញ)៖ អង្គការយូនីសេហ្វ បានសម្រេចដាក់កញ្ចប់ថវិកា ៦៥លានដុល្លារ សម្រាប់ជួយកុមារក្រីក្រនៅតាមទីជនបទក្នុងប្រទេសកម្ពុជា។ ថវិកានេះ ប្រើសម្រាប់អនុវត្តសកម្មភាពរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦-២០១៨ ដោយមានកិច្ចសហការជាមួយរាជរដ្ឋាភិបាលផងដែរ។
ផែនការសកម្មភាពនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ បានចុះហត្ថលេខាជាផ្លូវការហើយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Debora Comini ប្រធានយូនីសេហ្វប្រចាំប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ បានឲ្យដឹងថា ផែនការសកម្មភាពនេះត្រូវបានកំណត់ និង ឆ្លើយតបទៅនឹងឧប សគ្គចម្បងៗ ដែលបានរារាំងការទទួលបានសិទ្ធិរបស់កុមារនៅកម្ពុជា រួមទាំងបានបង្ហាញនូវវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងរយៈពេលបីឆ្នាំខាងមុខ។ កម្មវិធីថ្មីប្រចាំប្រទេសនេះចែកចេញជាសមាសភាគបួនសំខាន់ៗរួមមាន៖ (១) ការរស់រានមានជីវិត ការថែទាំ និងអភិវឌ្ឍន៍កុមារតូច (២) ការអប់រំប្រកបដោយគុណភាពនិង បរិយាប័ន្ន (៣) បរិស្ថានការពារ និង (៤) បរិយាប័ន្នសង្គមនិងអភិបាលកិច្ច។
លោក ឆាយ ថន បានថ្លែងថា កម្មវិធីសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងយូនីសេហ្វពេលកន្លងមក បានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់កុមារ និងស្រ្តីជាច្រើន តាមរយៈការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ និងច្បាប់នានា ក៏ដូចជាការកែលំអប្រព័ន្ធ និងការផ្តល់សេវាកម្ម។
លោកទេសរដ្ឋមន្រ្តីបានថ្លែងដូច្នេះថា «យើងសប្បាយរីករាយណាស់ដោយសារកម្មវិធីប្រចាំប្រទេសថ្មីនេះ នឹងផ្តោតការយកចិត្ត ទុក ដាក់លើកុមារ ដែលងាយរងគ្រោះបំផុត ដែលធ្វើឲ្យមានកុមារកាន់តែច្រើននៅកម្ពុជាមានឱកាសរស់រានមានជីវិត និងលូតលាស់ពេញវ័យប្រកបដោយសុខភាពល្អនិងផលិតភាពខ្ពស់»។
ប្រទេសកម្ពុជា ជាប្រទេសដែលមានចំនួនកុមារនិងក្មេងជំទង់ច្រើន គឺប្រមាណ៤៥ភាគរយនៃប្រជាជនសរុប មានអាយុតិចជាងឬស្មើ១៩ឆ្នាំ។ ជាមួយគ្នានេះប្រជាជនប្រមាណ ១១ភាគរយមានអាយុតិចជាង៥ឆ្នាំ។
លោកស្រី Debora Comini ប្រធានយូនីសេហ្វប្រចាំនៅកម្ពុជាបានថ្លែងឲ្យដឹងថា «សព្វថ្ងៃពេលដែលកុមារកម្ពុជាកំពុងចម្រើនពេញវ័យ នៅក្នុងដំណាក់កាលដែលសង្គមនិងសេដ្ឋកិច្ចមានការផ្លាស់ ប្តូរខ្លាំង ភាពរីកចម្រើនមិនបានផ្តល់ផលប្រយោជន៍ស្មើគ្នាដល់ប្រជាជនគ្រប់រូបទ្បើយ»។
លោកស្រីបន្ត ទៀតថា វិសមភាពអាចបន្តពីមួយជំនាន់ទៅជំនាន់មួយទៀតនៅក្នុងវដ្តជីវិតដែលគ្មានទីបញ្ចប់ ហើយដែលនឹងប៉ះពាល់ដល់សង្គមទាំងមូល។ ហេតុដូចនេះ ការវិនិយោគលើកុមារ គឺជាការវិនិយោគដ៏ល្អបំផុតដែលប្រទេសកម្ពុជា អាចធ្វើបានសម្រាប់អនាគតរបស់ខ្លួន។
យូនីសេហ្វ បាននឹងកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ដើម្បីលើកកម្ពស់និងការពារសិទ្ធិកុមារ។ យូនីសេហ្វបានចាប់ផ្តើមការងាររបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ ១៩៥២ និងបានបើកការិយាល័យដំបូងក្នុងឆ្នាំ១៩៧៣។ ក្រោមកិច្ចខិតខំប្រឹងប្រែង រួមគ្នារវាងរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ យូនីសេហ្វ និងភ្នាក់ងារអភិវឌ្ឍន៍ដទៃទៀត ភាពរីកចម្រើនគួរឲ្យកត់សម្គាល់ជាច្រើនត្រូវបានធ្វើឲ្យកើតមានឡើង សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់ស្រ្តីនិងកុមារក្នុងប្រទេសកម្ពុជានៅលើវិស័យជាច្រើន មានដូចជា៖
- អត្រាមរណៈភាពមាតា បានថយចុះពី ៤៧២នាក់ ក្នុង១០០ ០០០កំណើតរស់ក្នុងឆ្នាំ២០០០ មកនៅត្រឹម ១៧០នាក់ ក្នុងឆ្នាំ២០១៤។
- អត្រាកុមារដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ បានកើនពី ៤០ភាគរយក្នុងឆ្នាំ២០០០ ទៅដល់ ៧៣ភាគរយក្នុងឆ្នាំ២០១៤។
- អត្រានៃការសិក្សារបស់កុមារនៅកម្រិតបឋមសិក្សា បានកើនទ្បើងពី៨៧ភាគរយ នៅឆ្នាំ២០០១ ដល់ ៩៨ភាគរយ នៅឆ្នាំ២០១៣។
- អត្រាក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំបានធ្លាក់ចុះពី៤០ភាគរយក្នុងឆ្នាំ២០១០ មកនៅត្រឹម ៣២ភាគរយ ក្នុងឆ្នាំ២០១៤។
- អត្រាផ្តល់សំបុត្រកំណើតដល់កុមារអាយុក្រោម៥ឆ្នាំ បានកើនទ្បើងពី ៦២ភាគរយក្នុងឆ្នាំ២០១០ ទៅ ៧៣ភាគរយ ក្នុងឆ្នាំ២០១៤
ទោះបីជាមានការរីកចម្រើនយ៉ាងនេះក្តី ក៏នៅមានគម្លាតយ៉ាងច្រើន។ កុមារជាច្រើនមកពីគ្រួសារ មានស្ថានភាពលំបាក កំពុងជួបបញ្ហាប្រឈមជាច្រើនដែលមិនអាចឲ្យពួកគេរស់រានមានជីវិតបាន និងមិន អាចសម្រេចបានសក្តានុពលដែលគេមាន។ ឧទាហរណ៍ កុមារមកពីគ្រួសារក្រីក្របំផុត អាចមានឱកាស ស្លាប់៣ដងច្រើនជាងកុមារមកពីគ្រួសារដែលមានទ្រព្យធនច្រើន មុនពួកគេមានអាយុ៥ឆ្នាំ។ កុមាររស់នៅ ក្នុងគ្រួសារក្រីក្រនៅតំបន់ជនបទ ជនភាគតិច និងកុមារពិការភាគច្រើនបោះបង់ចោលឬមានឱកាសតិចជាង ក្នុងការបញ្ចប់ការសិក្សានៅក្រិតបឋមសិក្សា។
កម្មវិធីប្រចាំប្រទេសរបស់យូនីសេហ្វឆ្នាំ២០១៦-២០១៨ នឹងដំណើរការសម្រាប់ទូទាំងប្រទេស ប៉ុន្តែវានឹងផ្តោតសំខាន់ទៅលើខេត្ត ស្រុក និងឃុំ ទាំងទ្បាយណាដែលមានគម្លាតខ្ពស់ និងសូចនាករ អភិវឌ្ឍន៍កុមារមិនល្អ ដើម្បីធានាថាអន្តរាគមន៍នឹងអាចទៅដល់កុមារដែលងាយរងគ្រោះ និងលំបាកបំផុត៕