(ស្វាយរៀង)៖ ជនសង្ស័យចំនួន៦នាក់ (ស្រីម្នាក់) រួមជាមួយវត្ថុតាងដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។
កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ព្រមទាំងរឹបអូសវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន០៧កញ្ចប់ (ធំ០២កញ្ចប់), ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង, ទូរស័ព្ទដៃ ០៦គ្រឿង, ម៉ូតូ ០២គ្រឿង ព្រមទាំងឧបករណ៍ជក់ប្រើប្រាស់ និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀតផងដែរ៕