(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ក្នុងនាមជាប្រទេសមួយដែលប្រើប្រាស់ភាសាបារាំង បានអញ្ជើញសហគ្រិន វិនិយោគិនហ្វ្រង់កូហ្វូន មកជួបដៃគូហ្រ្វង់កូហ្វូននៅកម្ពុជា ដើម្បីសហការវិនិយោគរួមគ្នា។
ការអញ្ជើញនេះ បានធ្វើឡើងក្នុងឱកាសប្រមុខការទូតកម្ពុជា ចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៣៧ (CMF) ដែលប្រព្រឹត្តទៅ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងប៉ារីស។ កិច្ចប្រជុំនេះ បានរៀបចំឡើងដោយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះ អាស៉ី-ប៉ាស៉ីហ្វិក បានក្លាយជាតំបន់សេដ្ឋកិច្ចសេរីនាំមុខគេនៅលើពិភពលោក។ កម្ពុជា ដែលជាប្រទេសនិយាយភាសាបារាំង សូមអញ្ជើញសហគ្រិន វិនិយោគិនហ្វ្រង់កូហ្វូន មកជួបដៃគូហ្រ្វង់កូហ្វូននៅកម្ពុជា ដើម្បីសហការវិនិយោគរួមគ្នាប្រកបដោយថាមពល។ សហគ្រិន អ្នកវិនិយោគហ្វ្រង់កូហ្វូនទាំងនោះ នឹងបានជួបប្រាស្រ័យទាក់ទងជាភាសាបារាំង ជាមួយអ្នកទទួលបន្ទុកផ្នែកសេដ្ឋកិច្ចមកពីវិស័យសាធារណៈ និងឯកជន ហើយពួកគេនឹងបានឃើញនូវឱកាសវិនិយោគនានា ដែលគួរឲ្យចាប់យក»។
ប្រមុខការទូតកម្ពុជាបានបន្តថា នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៅទីក្រុងដ្យែរបា ប្រទេសទុយនេស៉ី នៅពេលខាងមុខនេះ លោកក៏បានស្នើឲ្យមានការអនុម័តនូវផែនទីបង្ហាញផ្លូវមួយ ដើម្បីកំណត់គោលដៅកំណើន នៃការផ្លាស់ប្តូរពាណិជ្ជកម្មប្រចាំឆ្នាំពី ៥ភាគរយ ទៅ៦ភាគរយ រវាងសមាជិកហ្វ្រង់កូហ្វូនី និងការបង្កើតនូវ «ទីភ្នាក់ងារសង្កេតការណ៍ សេដ្ឋកិច្ចរបស់អង្គការ OIF» ផងដែរ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជាបិតាស្ថាបនិក១រូប នៃចលនាហ្វ្រង់កូហ្វូន និងជាមេដឹកនាំលេចធ្លោជាងគេនៃចលនានេះនៅអាស៉ី។ បច្ចុប្បន្ន អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានរដ្ឋ និងរដ្ឋាភិបាលសមាជិក ចំនួន ៨៨ (សមាជិកពេញសិទ្ធិ ចំនួន ៥៤ សមាជិកមិនពេញសិទ្ធិ ចំនួន ៧ និងសមាជិកសង្កេតការណ៍ ចំនួន ២៧)៕
ខាងក្រោមនេះជាបទអន្តរាគមន៍ទាំងស្រុងរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៣៧ ដែលរៀបចំឡើងនៅទីក្រុងប៉ារីស តាមប្រព័ន្ធវីដេអូ៖