(ភ្នំពេញ)៖ ស្របពេលកម្ពុជា កំពុងបញ្ជ្រាបការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមរូបភាពផ្សេងៗ គេសង្កេតឃើញប្រជាពលរដ្ឋ និងសិស្សានុសិស្សមានការចាប់អារម្មណ៍ និងយល់ដឹងច្រើន ក្នុងនោះមានសិស្សានុសិស្ស និងមហាជនប្រមាណ ៨០% បានដឹងពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ ព្រមទាំងព្រឹត្តិការណ៍កីឡាធំៗទាំង៣ រួមមានកីឡាអូឡាំពិក កីឡាអាស៊ី និងស៊ីហ្គេមផងដែរ។
លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បើកភ្លើងខៀវទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងការផ្សព្វផ្សាយជាបន្ដបន្ទាប់ មកទល់ពេលនេះប្រជាពលរដ្ឋ និងយុវជនស្ទើរគ្រប់គ្នា គឺបានស្គាល់ពីស៊ីហ្គេម និងការប្រកួតអន្ដរជាតិនានា។ នេះបើតាមការបញ្ជាក់ក្រោយចប់កម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅវិទ្យាល័យឬស្សីកែវនាថ្ងៃពុធនេះ។
លោកបានបន្ដថា «បន្ទាប់ពីយើងចុះធ្វើការផ្សព្វផ្សាយតាមមូលដ្ឋាន យើងសង្កេតឃើញប្រជាជន និងសិស្សានុសិស្សសឹងគ្រប់គ្នា គាត់ស្គាល់ពីស៊ីហ្គេម និងការប្រកួតអន្ដរជាតិផ្សេងៗ។ ខ្ញុំចាប់អារម្មណ៍ ពេលខ្ញុំជួបគាត់ខាងក្រៅ ពេលខ្ញុំសួរគាត់ ស្គាល់កីឡាអូឡាំពិក កីឡាអាស៊ី និងកីឡាស៊ីហ្គេមអត់? ភាគច្រើន ១០នាក់ គឺមាន ៨នាក់ស្គាល់ ហើយសល់ ២នាក់ទៀត ខ្ញុំជឿថា មិនយូរទេ ពួកគាត់នឹងយល់ដឹងទាំងអស់គ្នា ហើយពួកយើងនឹងខិតខំផ្សព្វផ្សាយបន្ដទៀត ព្រោះស៊ីហ្គេមរបស់យើងជិតដល់ហើយ»។
កញ្ញា យ៉ុង ស្រីនាង សិស្សថ្នាក់ទី៩ នៃវិទ្យាល័យឬស្សីកែវបានបញ្ជាក់ថា ពាក់ព័ន្ធនឹងកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ កញ្ញាបានដឹងយូរហើយ និងត្រៀមខ្លួនរួចរាល់ក្នុងយុទ្ធនាការឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។ យុវតីចូលចិត្តលេងកីឡាបាល់ទះរូបនេះបន្ដថា «តាមរយៈកម្មវិធីនេះ ខ្ញុំទទួលបានចំណេះដឹងច្រើនពីគុណតម្លៃអូឡាំពិក ពិសេសយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយខ្ញុំនឹងចូលរួមជាមួយយុទ្ធនាការនេះ ដើម្បីផ្សព្វផ្សាយឲ្យមិត្រភ័ក្ដ្រ បងប្អូន និងសង្គម បានដឹងពីការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាយើង»។
គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ NOCC បានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ជាលើកទី៥ នៅវិទ្យាល័យឬស្សីកែវ ក្រោមគោលបំណងដដែល ពោលគឺដើម្បីផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក និងបញ្ជ្រាបនូវយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ តាមការគ្រោងទុកចុងសប្ដាហ៍នេះ NOCC នឹងបន្ដរៀបចំកម្មវិធីមួយទៀត នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម៕