(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការមន្ត្រីចំនួន៣០រូប នៃក្រសួងមុខងារសាធារណៈ។
ពិធីនេះ បានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នាយក នាយករងសាលាភូមិន្ទរដ្ឋបាល និង មន្ត្រីរាជការក្រសួងជាច្រើនរូបទៀត។
យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ និង ប្រកាស ក្រសួងបានសម្រេចតែងតាំងមន្ត្រីចំនួន៣០រូបរួមមាន៖ ទីប្រឹក្សាក្រសួងចំនួន៨រូបថ្នាក់ស្មើអនុរដ្ឋលេខាធិការ អគ្គាធិការរងចំនួន២រូប អគ្គនាយករងចំនួន៤រូប ប្រធាននាយកដ្ឋានចំនួន១រូប អនុប្រធាននាយកដ្ឋានចំនួន៤រូប ប្រធានលេខាធិការដ្ឋានចំនួន១រូប ប្រធានការិយាល័យចំនួន៣រូប និងអនុប្រធានការិយាល័យចំនួន៧រូប។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់មន្ត្រីរាជការដែលទើបតែងតាំងថ្មី និងមន្ត្រីរាជការក្រោមឱវាទ ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈមានជាអាទិ៍៖
* ត្រូវខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្លើយតបឱ្យបានស័ក្តសមនឹងទំនុកចិត្តរបស់ប្រទេសជាតិនិងប្រជាជនយើង
* ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងរវាងមន្ត្រីរាជការទាំងអស់ ក្នុងការបង្កើននូវប្រសិទ្ធភាពការងារ ដើម្បីរួមចំណែកជម្រុញអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
* ត្រូវបន្តស្មារតីយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការការពារ ចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងកូវីដ19 តាមវិធានការបង្ការសុខភាពរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើគម្រូល្អ បន្តពង្រឹងសុវត្ថិភាពសុខភាពសាធារណៈ ចូលរួមចំណែកកាន់តែសកម្មថែមទៀត ក្នុងបុព្វហេតុសុខសន្តិភាព សុខមាលភាព និងការអភិវឌ្ឍសង្គមជាតិជាដ៏រាបតរៀងទៅ៕