(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីជំនាញ និងអភិបាលរងខណ្ឌទទួលបន្ទុក ចុះត្រួតពិនិត្យគម្រោងជួសជុលដាក់ប្រព័ន្ធលូថ្មី នៅផ្លូវលេខ៤៦០ ចាប់ពីផ្លូវលេខ១០៥ ដល់ផ្លូវលេខ១៣៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទួលទំពូងទី១ ឆ្នាំ២០២០នេះ។
ខណៈចុះពិនិត្យសកម្មភាពដាក់លូនេះ លោកអភិបាលខណ្ឌចំការមន បានធ្វើការណែនាំទៅដល់អ្នកម៉ៅការទទួលស្ថាបនាដាក់ប្រព័ន្ធលូ ធ្វើយ៉ាងណាឲ្យពន្លឿនហើយរួចរាល់តាមគម្រោង និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសធានាពីគុណភាពប្រើប្រាស់បានយូរអង្វែងផងដែរ។
លោកអភិបាលខណ្ឌ បានឲ្យដឹងថា នៅតំបន់កំពុងដាក់លូនេះ ក្រោយពីដំណើរការដាក់ប្រព័ន្ឋលូហើយរួចរាល់ នឹងលែងព្រួយបារម្ភពីបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ឬទឹកភ្លៀងហូរលិចដក់នៅលើផ្លូវ ឬលំនៅបងប្អូនរស់នៅស្របសងខាងផ្លូវទៀតហើយ សកម្មភាពចុះពិនិត្យការដ្ឋានគម្រោងដាក់លូនេះ គឺជាការគិតគូរពីសំណាក់អាជ្ញាធរមូលដ្ឋានខណ្ឌចំការមន ដើម្បីដោះស្រាយបញ្ហាទឹកលិច នារដូវវស្សា។
ខណៈចុះពិនិត្យការដ្ឋានដាក់លូនេះ លោក ថេង សុថុល ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះប៉ះពាល់គម្រោងលូនេះ ដើម្បីស្វែងយល់ពីការរស់នៅ និងតម្រូវពួកគាត់ផងដែរ។ ពិសេសជាងនេះទៀត គឺជាការផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំខណ្ឌជាមួយបងប្អូនប្រជាពលរដ្ឋ ពោលគឺតែងតែនៅជាមួយគ្នានិងត្រូវគិតគូរពីទុក្ខលំបាកបងប្អូនប្រជាជននិច្ច តួយ៉ាងដូចនៅថ្ងៃនេះ គឺចុះមកពិនិត្យសកម្មភាពដាក់លូ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា។
ពលរដ្ឋបានគាំទ្រមកលើអាជ្ញាធរខណ្ឌចំការមនដែលមានលោក ថេង សុថុល ជាអភិបាលខណ្ឌ ដែលបានគិតគូររាល់ការលំបាក់ពួកគាត់ជានិច្ច ចាប់តាំងពីរូបគាត់មកបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាមខណ្ឌចំការមននេះ៕