(ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវលោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បន្តចុះរដ្ឋបាលទ្រង់ទ្រាយធំ តាមខុនដូ សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងមូលដ្ឋាន ដើម្បីតាមដាន បង្ការបង្រ្កាបទប់ស្កាត់រាល់បញ្ហាអសកម្មផ្សេងៗ ដែលអាចនឹងបង្កឡើងជាយថាហេតុ។
ការដាក់បទបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុវត្តឡើង ក្រោមការអញ្ជើញចូលរួម ពីលោក-លោកស្រីអភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ លោកអធិការរងខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេស ប្រធាន-អនុប្រធានការិយាល័យ ចំណុះរចនាសម្ព័ន្ធខណ្ឌ និងលោក-លោកស្រី ចៅសង្កាត់ មេប៉ុស្តិ៍សង្កាត់ទាំង៧ មន្រ្ដីរាជការ និងសណ្តាប់ធ្នាប់ខណ្ឌ សរុបចំនួន ៤២នាក់ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅសាលាខណ្ឌ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ជា ពិសី ថ្លែងថា កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈដូចខាងក្រោម៖
* ទី១៖ ផ្សព្វផ្សាយស្មារតីអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
* ទី២៖ រៀបចំផែនការចុះរដ្ឋបាល ប្រចាំការ និងឆែកឆេរអាវុធជាតិផ្ទុះ មុខសាលាខណ្ឌ និងតាមបណ្តាសង្កាត់ទាំង៧ និងច្រកចេញចូលរាជធានីភ្នំពេញ (ផ្លូវជាតិលេខ៥ និងផ្លូវ ៥៩៨) ចាប់ពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ(ចំណុចខ្ពស់)។
* ទី៣៖ ចុះរដ្ឋបាលទ្រង់ទ្រាយធំ ក្នុងមូលដ្ឋាន តាមខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងផ្ទះសកម្មជន ចាប់ពីយប់ថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីតាមដានបង្ការបង្រ្កាប និងទប់ស្កាត់រាល់បញ្ហាអសកម្មផ្សេងៗ ដែលអាចនឹងបង្កឡើងជាយថាហេតុ។
* ទី៤៖ បន្តផ្សព្វផ្សាយការថែរក្សាអនាម័យ វិធានការបង្ការទប់ស្កាត់ការពារការឆ្លងជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន។
* ទី៥៖ បញ្ហាផ្សេងៗ៕