(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា , លោក គង់ សោភ័ណ អភិបាលខេត្តកណ្ដាល និងលោក ចៅ តុល អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ បានដឹកនាំគណៈប្រតិភូ អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អំណោយ ដល់ប្រជាពលរដ្ឋចំនួន៤៥០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់កន្លងមក នៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ទោះបីជាទឹកជំនន់បានឆ្លងផុតទៅហើយក៏ដោយ ក៏ប៉ុន្តែតម្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋ ក៏នៅតែត្រូវបានយកចិត្តទុកដាក់ ហើយអំណោយគឺជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) ដែលផ្តល់ជាទូទៅ មិនសំដៅលើពូជសាសន៍ និងសាសនាណាឡើយ។
លោកបានបន្តថា «យើងត្រូវដឹងថាអ្វីទាំងអស់នេះផ្តើមចេញពីសុខសន្តិភាព ហើយអ្វីដែលពិសេសបំផុតនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមានគោលនយោបាយសុខដុម្បនីយកម្មជាតិសាសន៍ ដែលទទួលបានការកោតសរសើរពីប្រអង្គការ សហប្រតិបត្តិការឥស្លាម OIC ដែលមានប្រទេសជាសមាជិកចំនួន ៥៧ប្រទេស»។
ក្នុងឱកាសផងដែរ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានពន្យល់លម្អិតជុំវិញតម្លៃនៃសន្តិភាពដែលរកបានមកដោយលំបាកលំបិនបំផុត ខណៈដែលសម្ដេចតេហ៊ុន សែន និងសហការី យកជីវិតទៅប្ដូរទើបធ្វើស្រុកទេសយផងមានសុខសានត្រាន ស្គាល់ការរីកចំរើន ស្គាល់ភាពស៊ីវីល័យ សេដ្ឋកិច្ចរីកចំរើនលូតលាស់ និងពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងៗ ដែលនេះជាស្នាដៃដ៍ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងសូមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូត ។
លោកទេសរដ្ឋមន្ត្រីក៍បានលើកទឹកចិត្តដល់បងប្អូនខ្មែរ និងបងប្អូនសាសនិកឥស្លាមទាំងអស់គ្នា ត្រូវរស់នៅក្នុងសហគមសន្តិភាពឲ្យមានកិត្តយស ចៀសវាងការប្រកាន់ រើសអើងគ្នា ប្រកាន់ពូជសាសន៍ សាសនានេះ សាសនានោះ ដែលការយល់ឃើញបែបនេះ គឺមិនត្រឹមត្រូវទេ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំអនុវត្តន៍នូវគោលនយោបាយសុខដុមនីយកម្មសាសនាបានល្អបំផុត ,ក្នុងនោះ ក៍ពលរដ្ឋយើងទាំងអស់សូមបន្តស្រលាញ់គ្នា យោគយល់គ្នា អាណិតស្រលាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ដែលនេះជាសញ្ញាសន្តិភាព នាឱ្យស្រុកទេសយើងកើតមានសុខសានត្រាន រីកចំរើនទាំងអស់គ្នា ។
ស្ថិតក្នុងឱកាសនេះដែរ លោក គង់ សោភ័ណ អភិបាលខេត្តក៏បានលើកឡើងពីវិបត្តិកូវីដ-១៩ ដែលជាការព្រួយបារម្ភសកល តែរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព តែទោះបីយ៉ាងណា លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការឆ្លងនៃជំងឺនេះ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ទន្ទឹមនឹងកម្មវិធីនេះ លោកចៅ តុល អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ បានមានប្រសាសន៍លើកទឹកចិត្តដល់ពលរដ្ឋដល់ពលរដ្ឋឲ្យមានសុខភាពល្អ រកទទួលមានបាន ពិសេសរដ្ឋបាលខេត្តកណ្ដាលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមគណបក្សប្រជាជន ទីណាពលរដ្ឋជួបទុក្ខលំបាក ទីនោះតែងមានគណបក្សប្រជាជនកម្ពុជាចុះជួយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ។ ពិសេសសូមចូលរួមអនុវត្តន៍តាមវិធានការកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
គួរជម្រាបថា អំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពី អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) សហការ ជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សមាគមយុវជនមុស្លិមកម្ពុជា (CMYA) សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) និងសមាគមនារីមុស្លិមកម្ពុជា (CIWODA) ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ 20 គីឡូក្រាម ស្ករស ២ គីឡូក្រាម ប្រេងឆា ២ លីត្រ ត្រីខ 4 កំប៉ុង មី ១០ កញ្ចប់ សាប៊ូដុះខ្លួន 4 ដុំ សាប៊ូលាងចាន ១ ដប និង អំបិល ១ គីឡូក្រាម៕