(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តប្រជុំវង្ស ស្ថិតក្នុងសង្កាត់និរោធ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា ព្រមទាំងក្រុមការងារ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋខ្វះខាត ក្នុងជីវភាពចំនួន៣០គ្រួសារ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មានមតិទៅកាន់បងប្អូនទាំងអស់ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាខណ្ឌ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
លោកក៏សូមអំពាវនាវ ដល់បងប្អូនយកចិត្តទុកដាក់ពីសុខភាព ជាពិសេសបន្តការពារ និងរក្សាអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោកស្រី ហេង សុវត្ថា ប្រធានអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ បានបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានចែកជូនក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី៤កញ្ចប់ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប ត្រីខ២កំប៉ុង ស្ករស១កញ្ចប់ មីសួរ១កញ្ចប់ ថវិកាចំនួន២ម៉ឺនរៀល៕