Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី លី ធុជ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន បន្តសហការគ្នា និងផ្តល់ទំនុកចិត្តគ្នា ក្នុងគោលដៅបម្រើដល់ប្រជាពលរដ្ឋ

25-11-2020 16:00

(ស្វាយរៀង)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុករំដួល ខេត្តស្វាយរៀង តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំកំពង់អំពិល ឃុំសង្កែ និងដឹកនាំវេទិកាសាធារណៈថ្នាក់ឃុំ។

វេទិកានេះក៏មានការអញ្ជើញចូលរួមពី មន្ទីរពាក់ព័ន្ធ អភិបាលស្រុករំដួល ក្រុមប្រឹក្សាស្រុករំដួល ការិយាល័យជុំវិញស្រុក មេភូមិ និងតំណាង ប្រជាពលរដ្ឋផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពី លោកស្រី ម៉ែន សំអន ជូនចំពោះក្រុមប្រឹក្សាឃុំ មេភូមិ និងមន្រ្តីរាជការទាំងអស់ ព្រមទាំងមានជំនឿទុក ចិត្តខ្ពស់ ចំពោះក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការកសាងទំនាក់ទំនង ភាពស្និទ្ធស្នាល រវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ និងមេភូមិ ដែលបានខិតខំប្រឹងប្រែង ផ្តល់ការជឿទុកចិត្ត និងមានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមប្រឹក្សាឃុំ និងមេភូមិ បន្តយកចិត្តទុកដាក់បន្ថែម បម្រើប្រជាពលរដ្ឋ និងដោះស្រាយរាល់កង្វល់និងសំណូមពររបស់ប្រជាពលរដ្ឋ អោយទាន់ពេលវេលា ជាពិសេសបង្កភាពស្និទ្ធស្នាល និងស្អាតស្អំជាមួយប្រជាពលរដ្ឋ ពោរពេញដោយការគោរព។

លោកបន្តទៀតថា យើងទាំងអស់គ្នាត្រូវបន្តសហការគ្នា និងផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងគោលដៅបម្រើដល់ប្រជាពលរដ្ឋ ដែលអាជ្ញាធរមូលដ្ឋាន គឺជាថ្នាក់ដឹកនាំយ៉ាងសំខាន់នៅថ្នាក់មូលដ្ឋាន។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចុះជួយដល់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលាក្នុងរដូវប្រមូលផលនេះ៕