(ត្បូងឃ្មុំ)៖ សំណួរ សំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅតាមបណ្តាភូមិ-ឃុំ ក្នុងមូលដ្ឋានស្រុកត្បូងឃ្មុំ សរុបចំនួន១៨ករណី ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី អត្តសញ្ញាណប័ណ្ណ តបណ្តាញអគ្គិសនី ជួសជុល និងស្ថាបនាផ្លូវ ស្តារទំនប់ទឹក ខ្វះទឹកធ្វើស្រែចំការ និងបទល្មើសនេសាទដាក់ស្បៃមុង ត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធបំភ្លឺឆ្លើយតប និងដោះស្រាយជូនភ្លាមៗនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣។
វេទិកាផ្សព្វផ្សាយនោះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក កេង ប៊ុនណា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅក្នុងបរិវេណវត្តនទិរង្សី ហៅវត្តជីរោទិ៍កណ្តាល ស្ថិតនៅភូមិជីរោទ៍កណ្តាល ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ។
ថ្លែងនាឱកាសនោះលោក កេង ប៊ុនណា អភិបាលរងខេត្ត បានឱ្យដឹងថា គោលបំណងសំខាន់នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើង។
សំណេះសំណាលជាមួយប្រជាពលរដ្ឋលោក ស៊ាក ឡេង បានលើកឡើងថា វេទិកាដែលធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងគម្រោងជាអាទិភាពនានា ាក្នុងឆ្នាំខាងមុខ។
ជាពិសេសនោះនឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ព្រមទាំងលើកឡើងពីក្តីព្រួយបារម្ភរួមទាំងបញ្ហាប្រឈមរបស់ខ្លួនពិសេសក្នុងមូលដ្ឋានដែលប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីឱ្យវាគ្មិនបកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕