(ព្រៃវែង)៖ អាជ្ញាធរ និងនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង បានប្រឹងប្រែងសម្របសម្រួល និងដោះស្រាយជាមួយខាងភាគីវៀតណាម ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាបាននាំស្រូវរាប់ពាន់តោនក្នុងមួយថ្ងៃៗ យកទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូន។ នេះបើយោងតាមការលើកឡើងរបស់អាជីវករខ្មែរ ដែលនាំស្រូវទៅលក់ប្រទេសវៀតណាមបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News។
ក្រុមអាជីវករ និងតៃកុងរថយន្តដឹកស្រូវ បាននិយាយថា ពួកគាត់សប្បាយចំពោះសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិកោះរកា មិនត្រឹមតែមិនយកលុយសេវាក្បាលឡានប៉ុណ្ណោះទេ ថែមទាំងជួយ សម្របសម្រួលឲ្យពួកគាត់បាននាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ដោយមិនមានការរាំងស្ទះនោះទេ។
ពួកគាត់បានបន្តទៀតថា កន្លងមកធ្លាប់មានតៃកុងឡានបានធ្វើខុសពីនីតិវិធីរបស់វៀតណាម ដើម្បីការពារជំងឺកូវីត១៩ ដោយវៀតណាមឃាត់ខ្លួន តែត្រូវបានអាជ្ញាធរ និងនគរបាលអន្តោប្រវេសន៍ជួយសម្របសម្រួលដោះស្រាយបានវិលមកកម្ពុជាវិញភ្លាមៗ ដោយមិនអស់លុយ។
ជាងនេះទៅទៀត បើពួកគាត់នាំស្រូវមកដល់ព្រំដែនល្ងាចពេក ហើយខាងវៀតណាមបិទច្រក ប្រធានស្នាក់ការ និងនគរបាលច្រកទ្វារ បានរៀបចំកន្លែងសមរម្យឲ្យពួកគាត់បានស្នាក់អាស្រ័យផងដែរ។
លោក ខៀវ សឿន មេឃុំកោះរកា បានកោតសរសើរលោក សាង សារុម ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិកោះរកា និងលោក កែវ ជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិកោះរកា ដែលបានដឹកនាំការងារសម្របសម្រួលជាមួយខាងភាគីវៀតណាមឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក ក៏ដូចប្រជាពលរដ្ឋតាមបណ្តាខេត្តនាំស្រូវចូលទៅលក់ក្នុងទឹកដីប្រទេសវៀតណាម។
ជាមួយគ្នានេះ លោក ខៀវ សឿន ក៏បានថ្លែងអំណរគុណផងដែរចំពោះលោក សាង សារុម និងលោក កែវ ជា ដែលកន្លងមកតែងតែយកចិត្តទុកដាក់ជួយសម្របសម្រួលដោះស្រាយ ជាមួយខាងភាគីវៀតណាម យល់ដោះលែងទាំងមនុស្ស និងរថយន្តភ្លាមៗ បន្ទាប់ពីបានចាប់ឃាត់រថយន្ត និងបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមានបញ្ហារឿងពាក់ព័ន្ធ កំហុសឆ្គងប៉ះពាល់ការទប់ស្កាត់កូវីដ-១៩។
លោក សាង សារុម ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បានឲ្យដឹងថា ពាក់ព័ន្ធនឹងច្រកទ្វារអន្តរជាតិនេះ ក្នុងករណីខាងវៀតណាម មានភាពរអាក់រអួល ឬក៏មានការបិទមិនឲ្យនាំទំនិញ ចូលលោក និងលោក កែវ ជា បានចុះទៅជួយអន្តរាគមន៍សម្របសម្រួលភ្លាម ធ្វើយ៉ាងណាឲ្យខាងវៀតណាមសម្រួលកសិផលរបស់ប្រជាពលរដ្ឋយើងចុះឲ្យបានលឿន ហើយបើសិនជាខាងវៀតណាម មានការបិទច្រក សូមឲ្យផ្តល់ដំណឹងមុន ដើម្បីកុំឲ្យប្រជាពលរដ្ឋចេះតែមកធ្វើឲ្យស្ទះស្រូវ។
លោកថា មួយរយៈពេលចុងក្រោយនេះ មានឡានដឹកស្រូវចេញចូលច្រើន ដូចនេះលោកមានភាពមមាញឹកច្រើន ក្នុងការរៀបចំកម្លាំងចុះទៅណែនាំពួកគាត់ឲ្យមានការយោគយល់គ្នា ចូលតាមលេខរៀងដើម្បីបញ្ជៀសការកកស្ទះ, មិនឲ្យឈប់នៅលើស្ពាន, មិនឲ្យបើកនៅជិតគែមផ្លូវពេកព្រោះខ្លាចបាក់ផ្លូវ និងធ្វើការអប់រំណែនាំពួកគាត់ពាក់ព័ន្ធអនាម័យដើម្បីការពារកូវីដ១៩៕