(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំទូលាយ ដោយបានចូលរួមកិច្ចការមនុស្សធម៌ធំៗជាច្រើន ដូចជាការផ្ដល់ជំនួយម៉ាស់ និងសម្ភារវេជ្ជសាស្ត្រដល់ប្រទេសជិតខាង ថែមទាំងបញ្ជូនកងទ័ពទៅចូលរួមការពារសន្តិសុខក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅវិមានសន្តិភាព នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្ដេចតេជោបានថ្លែងថា កាលពីពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានផ្ដល់ជំនួយម៉ាសពេទ្យចំនួន ២,០០០,០០០ បន្ទះ និងម៉ាស់ក្រណាត់ចំនួន ១០០,០០០ បន្ទះ បូករួមនឹងសម្ភារវេជ្ជសាស្ត្រដទៃទៀត សរុបជាទឹកប្រាក់ ២,២២៤,០០០ ដុល្លារអាមេរិក ហើយនៅថ្ងៃស្អែកនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួសុខាភិបាល នឹងនាំយកម៉ាស់ដឹកតាមយន្តហោះចំនួន ៣ គ្រឿងប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា ដែលជាជំនួយរបស់កម្ពុជាជួយដល់មិត្តមីយ៉ាន់ម៉ា។

កម្ពុជាមិនមែនគ្រាន់តែផ្ដល់ជំនួយលើវិស័យវេជ្ជសាស្ត្រ សុខាភិបាលចំពោះឡាវ និងមីយ៉ាន់ម៉ាប៉ុណ្ណោះទេ តែថែមទាំងត្រៀមផ្ដល់ជំនួយដល់ប្រទេសទីម័រខាងកើតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា សម្ដេចមិនខ្វល់នឹងការរិះគន់ពីមនុស្សមួយក្ដាប់តូចអំពីការផ្ដល់ជំនួយម៉ាស់នេះឡើយ ដោយសម្តេចបានពន្យល់ថា នៅក្នុងសហគមន៍អន្តរជាតិ កម្ពុជាមានកាតព្វកិច្ចចូលរួមជាមួយរដ្ឋ និងប្រជាជាតិដទៃទៀត ដើម្បីផ្ដល់ជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ប្រមុខរាជរដ្ឋាភិបាលបានបន្តទៀថា កម្ពុជាមិនត្រឹមតែជំនួយខាងលើននេះ កម្ពុជាក៏បានផ្ដល់ជំនួយដល់អាយុជីវិត និងសាច់ឈាម ដោយបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិភាពនៅសុម៉ាលី អាហ្វ្រិកកណ្ដាល លីបង់ និងស៊ូដង់ខាងត្បូងជាដើម ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាក្រ តូចល្អិត ក៏ប៉ុន្តែចិត្តធំទូលាយ»។ តួយ៉ាងដូចជាករណីនាវាទេសចរណ៍វេស្ទ័រដាម កាលពីពេលកន្លងទៅនោះជាដើម។

សម្ដេចតេជោបានថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះមហាក្សត្រ និងសម្ដេចម៉ែ ព្រមទាំងប្រជាជនខ្មែរគ្រប់រូបដែលបានសម្ដែងការព្រួយបារម្ភពីសុខទុក្ខរបស់សម្ដេច៕