(ភ្នំពេញ)៖ «សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ» ដែលបង្កើតឡើងដោយគណបក្សសសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សខ្មែររូបរួមជាតិ និងគណបក្សខ្មែរតែមួយ ត្រូវបានប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីបង្ហាញអំពីគោលបំណង និងឆន្ទៈរួម នៃការបង្កើតសម្ពន្ធភាព។ សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ហៅកាត់ថា «ស.ប.ខ» មាន លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាប្រធាន និងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររូបរួមជាតិ ជាអនុប្រធាន និងលោក កែម រិទ្ធីសិត ប្រធានគណបក្សខ្មែរតែមួយ ជាសមាជិក ព្រមទាំងសមាជិកជាច្រើនរូបទៀត ដែលមកពីគណបក្សនយោបាយទាំង៣នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ លោក ម៉ម សូណង់ដូ បានលើកឡើងថា សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ បង្កើតឡើងមិនមែនដើរតួប្រឆាំងជាមួយរាជរដ្ឋាភិបាល ក្នុងនាមជាគណបក្សប្រឆាំងនោះទេ ពោលគណបក្សទាំងបីរបស់សម្ពន្ធភាពមួយនេះ នឹងដើរតួនាទីជាគណបក្សដែលប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ដើម្បីរិះគន់ក្នុងន័យស្ថាបនា ធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន។

លោក ម៉ម សូណង់ដូ គូសបញ្ជាក់ទៀតថា សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ នឹងមិនងាយប្រះស្រាំ ឬបែកបាក់ដូចការរិះគន់មួយចំនួននោះទេ ពោលគណបក្សទាំងបីជាសមាជិក មានឆន្ទៈរួមគ្នាដើម្បីជាតិ និងប្រជាពលរដ្ឋ ហើយក៏គ្មានមហិច្ឆតាដើម្បីដណ្ដើមអំណាចគ្នានៅថ្ងៃណាមួយនោះដែរ ប៉ុន្ដែសមាជិកឈ្លោះគ្នាដើម្បីប្រជាជាតិតែប៉ុណ្ណោះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ អត់មានបែកបាក់គ្នាទេ ព្រោះយើងមានការប្ដេជ្ញាចិត្តខ្ពស់។ គណបក្សខុសគ្នាមែន ប៉ុន្ដែចិត្ត គំនិតដែលយើងចង់ឲ្យប្រទេសជាតិបានសេចក្ដីសុខជានិរន្ដរ៍។ យើងក៏មានការឈ្លោះគ្នាដែរ គឺឈ្លោះរាល់ថ្ងៃដោយសារតួនាទីខុសគ្នា ប៉ុន្ដែការឈ្លោះគ្នាកាន់តែច្រើន ជំហរកាន់តែរឹងមាំបន្ថែមទៀតផងដែរ»

ជាមួយគ្នានេះ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអះអាងថា ការចងសម្ពន្ធភាពអ្នកប្រជាធិបតេយ្យ ជាមួយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ ក្នុងគោលបំណងតែមួយគត់ គឺរួមគ្នាជាមួយរាជរដ្ឋាភិបាលការពារសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជាកាន់តែរីកចម្រើន។

លោក ញឹក ប៊ុនឆៃ ថ្លែងយ៉ាងដូច្នេះថា «យើងធ្វើយ៉ាងម៉េចថែរក្សាការពារសន្ដិភាព ព្រោះបើមិនអញ្ចឹងទេយើងទៅចូលដៃម្ខាង ហើយយកមហាអំណាចម្ខាងជាសត្រូវ ខ្ញុំមិនជឿថាស្រុកយើងបានសុខនោះទេ អញ្ចឹងយើងខ្ញុំទាំងអស់គ្នាក៏យកចិត្តទុកដាក់ចំណុចទាំងអស់នេះ ដែលនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងមិចឲ្យ នយោបាយនៅកម្ពុជា ស្ថិរភាពល្អ ដើម្បីយើងមានឱកាសបានអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង»

បើតាមលោក ញឹក ប៊ុនឆៃ, ការចងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យនេះ ក្នុងគោលបំណងបណ្តុះគំនិតជាតិនិយមគំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌លាបពណ៌ និងគ្មានវប្បធម៌ក្តិចត្រួយនោះឡើយ។ លោកថ្លែងថាការរួមគ្នានេះ ក៏ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកទាក់ទង នឹងឥទ្ធិពលប្រទេសមហាអំណាច ដែលកំពុងយកប្រទេសកម្ពុជា ធ្វើជាឈ្នាន់ប្រកួតប្រជែងគ្នា ដើម្បីភូមិសាស្រ្តនយោបាយក្នុងតំបន់នោះ។

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានបង្ហាញនូវការព្រួយបារម្ភថា ប្រសិនបើអតីតគណបក្សប្រឆាំងដឹកនាំប្រទេសជាតិនោះ គឺប្រទេសមិនបានសុខសប្បាយ និងមានសន្តិភាពនោះឡើយ ដោយសារតែពួកទាំងនោះមាននិន្នាការផ្កាប់មុខមហាអំណាចមួយ ហើយយកមហាអំណាចមួយទៀតធ្វើជាសត្រូវ។

បន្ថែមពីនេះ លោក ម៉ម សូណង់ដូ បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ទើបមានគណបក្សតែ៣ប៉ុណ្ណោះដែលជាសមាជិក ប៉ុន្ដែសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ នៅតែបន្ដបើកទ្វាររង់ចាំស្វាគមន៍ជានិច្ច រាល់គណបក្សនយោបាយផ្សេង ដែលចង់ចូលរួមជាសមាជិក៕