(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថាមានអ្នកសារព័ត៌មាន មកសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួចផុតពីការចោទប្រកាន់តាមផ្លូវតុលាការ ហើយរឿងក្តីក្តាំមិនអាចយកមកដោះដូរជាមួយការចូលជាមួយគណបក្សប្រជាជនកម្ពុជាបាននោះទេ បន្ថែមពីនេះគឺមានមន្ត្រីគណបក្សជាច្រើន ក៏បានជាប់ពន្ធនាគារផងដែរ។

ការទម្លាយបែបនេះ របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានទម្លាយយ៉ាងដូច្នេះថា៖ «កាលពីដើមឆ្នាំនេះ នៅពេលដែលជួបអ្នកសារព័ត៌មាន ខ្ញុំបានផ្តល់ពេលនោះរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ សុំណូមពរឱ្យជួយការពារ ឱ្យមេធាវីសម្តេចតេជោសែន ជួយការពារអ្នកសារព័ត៌មាន ខ្ញុំក៏ព្រមទទួល ក៏ប៉ុន្តែទទួលតែអ្នកសារព័ត៌មាន ដែលបំពេញការងារដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ហើយត្រូវបានគេប្តឹងប៉ុណ្ណោះ […] ព្រោះដូចដែលខ្ញុំនិយាយអ្នកខ្លះចេញឡើងជេរគេតែម្តង បើជេរគេមិនឱ្យគេប្តឹង ថ្ងៃមុនសសេរតាមនេះមួយជាប់បណ្តឹង២បណ្តឹងណោះ ដើម្បីរួចពីបណ្តឹងអ្នកការសែតនេះ ដើម្បីបានរួចបណ្តឹងសុំចូលគណបក្សប្រជាជន បានខ្ញុំវៃត្រឡប់ទៅវិញ ខ្ញុំថាអត់ទេ អត់មានការដោះដូរគ្នាថា គេប្តឹងហើយមកសុំចូលជាមួយគណបក្សប្រជាជនរួចពីបណ្តឹងនេះ អាសុំចូលជារឿងដោយឡែក រឿងជាប់ក្តីក្តាំងជារឿងដោយឡែកពីគ្នា...!។

ពាក់ព័ន្ធនឹងចំណុចនេះដែរ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានសង្កត់ធ្ងរៗថា មិនមែនមកសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនបានរួចផុតពីសំណាញច្បាបនោះ គឺមានមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបដែលបានជាប់ពន្ធនាគារ។ ដូច្នេះ បើមានបុគ្គលណាម្នាក់ធ្វើខុសច្បាប់នឹងប្រឈមជាប់ពន្ធនាគារ ជាក់ស្តែងដូចជាអតីតអភិបាលខេត្តតាកែវ ជាដើមបច្ចុប្បន្ននេះ កំពុងតែជាប់ក្នុងពន្ធនាគារ ក្រោយប្រព្រឹត្តល្មើសច្បាប់ជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនដល់ក្រុមមេធាវីស្ម័គ្រសម្តេចតេជោសែន ថាក្រៅពីការកាតព្វកិច្ចការពារក្តីជូនជនក្រីក្រ ស្ត្រីក្រីក្រ ក៏ត្រូវមានកាតព្វកិច្ចការពារក្តីជូនដល់អ្នកសារព័ត៌មាន ដែលបំពេញភារកិច្ចរបស់ខ្លួនតាមក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវរងបណ្តឹងពីសំណាក់បុគ្គលផ្សេងៗ ប៉ុន្តែ មិនត្រូវការពារចំពោះអ្នកសារព័ត៌មានណាដែលជេរប្រទេចអ្នកនោះដទៃនោះទេ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ត្រូវខិតខំដោះស្រាយសម្របសម្រួលរឿងក្តីក្តាំង និងវិវាទក្រៅប្រព័ន្ធតុលាការ គឺវាល្អខ្លាំងណាស់បទពិសោធន៍រយៈពេលប៉ុន្មានខែមកនេះ ដែលដោះស្រាយបានដោយជំនួយការរបស់សម្តេច ដែលមានជម្លោះខ្លះមានកើតឡើងរ៉ាំរ៉ៃ រហូតមានវិវាទខ្លះកើតឡើងជាង១០ឆ្នាំ ក៏ត្រូវដោះស្រាយដោយសន្តិវិធី តាមរយៈការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ និងមិនត្រូវជាប់ពាក់ព័ន្ធផលប្រយោជន៍ ទើបអាចដោះស្រាយចេញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនថា ក្តាប់ឱ្យជាប់នូវអង្គហេតុពីកូនក្តី ទើបពិនិត្យទៅដល់អង្គច្បាប់។ បន្ថែមពីនេះ ក្រុមមេធាវីស្ម័គ្រចិត្ត នៅពេលចុះការពារក្តីក៏មិនបានគិតពីបក្សនេះ ឬបក្សនោះឡើយ។ថ្លែងកោតសរសើរចំពោះមេធាវីរបស់រាជរដ្ឋាភិបាល ដែលខិតខំបំពេញការងារ និងឯកភាពទទួលសំណើរឿងបង្កើតឱ្យមានលិខិតបទដ្ឋានចាត់តាំងឱ្យបានត្រឹមត្រូវចំពោះមេធាវីរាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងកោតសរសើរក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានខិតខំបំពេញការងារជួយការពារក្តីជូនស្ត្រីទីទ័លក្រ និងខ្វះលទ្ធភាព។ តួយ៉ាង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មិនត្រឹមតែជួយការពារក្តីនោះទេ តែក៏បានប្រើថវិកាផ្ទាល់ខ្លួនសម្រាប់បេសកកម្មរបស់ខ្លួនថែមទៀតផង។ ដូច្នេះ សម្តេចបានស្នើឱ្យក្រុមមេធាវីជួយបង្កើនការយល់ដឹងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ការបង្កើតក្រុមមេធាវីនេះ អាចចាត់ទុកជាការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ៕