(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារដោយប្រយោលទៅកាន់ក្រុមប្រឆាំងថា សម្តេចត្រូវតែចាត់ការមុន ចំពោះអ្នកដែលបានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្ត «កម្ចាត់ត្រកូលហ៊ុន»។ សម្តេចបានបញ្ជាក់ថា បើសិនជាពួកគេដាក់ចេញនូវគោលដៅបង្រួបបង្រួមគ្នា សម្តេចយល់ព្រម ប៉ុន្តែប្រសិនបើពួកគេដាក់ចេញនូវគោលដៅ «កម្ចាត់ត្រកូលហ៊ុន» បែបនេះ មិនបានជាដាច់ខាត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។
ដោយរៀបរាប់អំពីស្នាដៃនៃការរំលត់ភ្លើងសង្គ្រាម រួមជាមួយនឹង ការដោះស្រាយបញ្ហានយោបាយក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនទសវត្សមកនេះ សម្តេចតេជោ ហ៊ុន សែន ហាក់បង្ហើបថា សម្តេចមិនអាចសម្របសម្រួលបានជាមួយនឹងអ្នកដែលបានដាក់ចេញនយោបាយ «មានឯងអត់អញ មានអញអត់ឯង»។
សម្តេចតេជោ ហ៊ន សែន បាននិយាយដោយទំនងជាសំដៅទៅកាន់ លោក សម រង្ស៉ី យ៉ាងដូច្នេះថា៖ «ខ្ញុំធ្វើមិនបាន អញ្ចឹងត្រូវហើយ "មានសែនអត់ស៊ី មានស៊ីអត់សែន" តាំងពីឆ្នាំ២០០៣ ១៧ឆ្នាំហើយ មានតែអញ្ចឹង»។ សម្តេចបានបន្តថា៖ «អញ្ចឹងអានយោបាយ ឈ្នះឈ្នះ វាទាល់តែចង់ឈ្នះទាំងអស់គ្នា បើរបៀបប្រុងប្រៀបសម្លាប់មួយ អត់បានទេ កុំលេងវើយ អញមិនព្រមទេ សូមផ្តាំទុកឱ្យហើយ ហ្អែងត្រូវចាំ បើដាក់គោលដៅបង្រួបបង្រួមខ្មែរ "អូខេ" បើដាក់គោលដៅ "កម្ចាត់ត្រកូលហ៊ុន" សូមផ្តាំទៅ ទោះបីរលាយផែនដី ក៏ហ៊ុន សែន នៅតែតស៊ូ សូមផ្តាំឱ្យហើយ ឥឡូវមិនមែនវ៉ៃត្រឹមហ៊ុន សែន ទេ វ៉ៃត្រកូលហ៊ុន»។
ក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០០៣ លោក សម រង្ស៉ី បានដាក់ចេញយុទ្ធសាស្រ្ត «មានសែនអត់ស៊ី មានស៊ីអត់សែន» ប៉ុន្តែយុទ្ធសាស្រ្តនេះបានបរាជ័យទាំងស្រុង។ ដោយឡែក កាលពីឆ្នាំមុននេះ ក្នុងការប្រកាសវិលត្រឡប់មកកម្ពុជា នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោរ ហើយបានអំពាវនាវឱ្យកងទ័ពបង្វែរកាណុងកាំភ្លើងតម្រង់ទៅរករាជរដ្ឋាភិបាលផងដែរ។ ទោះជាយ៉ាងនេះក្តី ការអំពាវនាវនេះ មិនបានសម្រេចដល់គោលដៅឡើយ ដោយសារតែពុំមានប្រជាពលរដ្ឋ និងអន្តរជាតិគាំទ្រ ហើយកងទ័ពក៏បានចេញមុខថ្កោលទោសលោក សម រង្ស៉ី ជាបន្តបន្ទាប់។
សម្តេចបានបញ្ជាក់ទៀតថា៖ «អញ្ចឹងបើអ្នកឯងប្រុងប្រៀបប្រហារខ្ញុំ រឿងអីដែលខ្ញុំទុកឱ្យអ្នកឯងប្រហារ ខ្ញុំត្រូវតែប្រហារអ្នកឯង»។
ទន្ទឹមគ្នានឹងការផ្ញើសារព្រមានមិនលើកលែងឱ្យអ្នកដែលប៉ុនប៉ងកម្ចាត់ត្រកូលហ៊ុន សម្តេចតេជោ ហ៊ុន សែន ក៏ព្រលយសារ មិនចរចានយោបាយជាមួយអ្នកដែលមានក្តីក្តាំនៅតុលាការផងដែរ។ ទោះបីជានិយាយមិនចំឈ្មោះ ប៉ុន្តែគេមើលឃើញថា សម្តេចតេជោ ហ៊ុន សែន ហាក់ទំនងជានិយាយសំដៅទៅលោក កឹម សុខា ដែលកំពុងទទូចឱ្យមានការចរចានយោបាយ ខណៈខ្លួនកំពុងស្ថិតនៅក្នុងតនីតិវិធីនៅតុលាការលើសំណុំរឿងឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសម្របសម្រួលអស់ប៉ុណ្ណឹងហើយ ខ្ញុំគ្មានពេលសម្របសម្រួលជាមួយអ្នកណាទៀតទេ ដំណើរការផ្លូវច្បាប់ត្រូវតែធ្វើតាមច្បាប់ ផុតពីរឿងច្បាប់ហើយចាំសម្របសម្រួលគ្នាខាងនយោបាយ អត់មានសម្រួលគ្នាខាងនយោបាយមុនសម្រួលគ្នាខាងផ្លូវច្បាប់ទេ សូមជូនសារនេះទុកឱ្យហើយ»។
សម្តេចបានបន្ថែមថា «ដំណើរការផ្លូវច្បាប់នៅតែបន្ត អ្នកឯងត្រូវជាប់គុក ត្រូវជាប់គុកឱ្យហើយចាំមកនិយាយគ្នាខាងនយោបាយ អ្នកមិនទាន់កាត់ក្តីគឺត្រូវតែកាត់ក្តីឲ្យហើយចាំនិយាយគ្នាខាងនយោបាយ»។
ក្រៅពីផ្ញើសារទៅកាន់ក្រុមអ្នកនយោបាយប្រឆាំង សម្តេចតេជោ ហ៊ុន សែន ក៏ចង់ប្រាប់ទៅអន្តរជាតិ និងសាធារណជនទូទៅដែរថា «ខ្មែរអត់មានជម្លោះទេ មានតែអ្នកដែលមានជម្លោះជាមួយផ្លូវច្បាប់តែប៉ុណ្ណោះ»។ សម្តេចបញ្ជាក់ទៀតថា «កម្ពុជាអត់មានទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ»។
សម្តេចថ្លែងថា ពេលនេះ គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសលើកទី២ទេ ហើយក៏គ្មានការលើកលែងទោសលើកទី៣ ទី៤ និងទី៥ ដែរ៕