(កំពត)៖ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្តនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ នៅស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ដោយចូលរួមពីអ្នកពាក់ព័ន្ធនៅស្រុកអង្គរជ័យ ២៧០នាក់ និងស្រុកបន្ទាយមាស ៨៧នាក់។
វេទិកានេះមានគោលបំណង បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពបែបប្រជាធិបតេយ្យ តាមរយះ រួមមាន៖
*ទី១៖ ផ្តល់ព័ត៌មានអំពីសមិទ្ធផល របស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសកម្មភាពជាអាទិភាពបន្ត។
*ទី២៖ រាយការណ៍អំពីលទ្ធផល ដែលរដ្ឋបាលខេត្ត បានអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩។
*ទី៣៖ ពិភាក្សា រិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមមិនទាន់បានដោះស្រាយ នៅតាមមូលដ្ឋាន។
នៅក្នុងស្រុកអង្គរជ័យ ជាលទ្ធផល នៅឆ្នាំ២០១៩ សំណូមពរសរុប ចំនួន ១៥៥ករណី ក្នុងនោះបានដោះស្រាយរួច ១៣៣ករណី, កំពុងដោះស្រាយ ១៧ករណី និងមិនទាន់ដោះស្រាយ ០៥ករណី។ ចំពោះលទ្ធផលនៃការឆ្លើយតបដោះស្រាយក្នុងឆ្នាំ២០១៩ មាន ២០សំណូមពរ រដ្ឋបាលខេត្តបានដោះស្រាយរួច ១៨ករណី, កំពុងដោះស្រាយ ០២ករណី និងមិនទាន់ដោះស្រាយ ០ករណី។
សម្រាប់ឆ្នាំ២០២០នេះ ការលើកសំណួរ សំណូមពរ និងការឆ្លើយបំភ្លឺ ឬដំណោះស្រាយលើប្រធានបទ ស្តីពី ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន ការងារគណនេយ្យសង្គម ការចូលរួមរបស់ប្រជាពលរដ្ឋរួមមាន ការគ្រប់គ្រងសំរាម កាកសំណល់ (ទីប្រជុំជន) និងសុវត្ថិភាព សន្តិសុខផ្ទាល់ខ្លួន។ល។
ប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហាប្រឈម សំណួរ សំណូមចំនួន ០៦ ករណី ក្នុងនោះ ០៣ករណី គឺលោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត បានដោះស្រាយ និងផ្តល់ជូន វិទ្យុទាក់ទង ចំនួន ០៣គ្រឿង ជូនប្រជាការពារភូមិទន្លេនាម និងថវិកា ១លានរៀន សម្រាប់ស្តារជួសជុលផ្លូវ ពីវត្តអង្គជោតិ ទៅភូមិដើមពោធិ៍ ឃុំចំប៉ី និងជួយសាងសង់ផ្ទះ ០២ខ្នង ជូនប្រជាពលរដ្ឋ ២គ្រួសារ ដែលបានឆេះអស់ កាលពីថ្ងៃទី១៦ កន្លងទៅ ស្ថិតនៅភូមិខ្វាវ ឃុំចំប៉ី។
ចំណែក ០៣ករណីទៀត វេទិកាបានឯកភាពបំភ្លឺដោយមន្ទីរជំនាញ ករណីនៅសេសសល់ រដ្ឋបាលខេត្ត នឹងយកមកពិនិត្យ ពិភាក្សា ដោះស្រាយតាមយន្តការផ្សេងៗ ធ្វើយ៉ាងណាឆ្លើយតបទៅនិងតម្រូវការ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។
ចំពោះស្រុកបន្ទាយមាស នៅឆ្នាំ២០១៩ សំណូមពរសរុប មានចំនួន ១៥៥ករណី, បានដោះស្រាយរួច ១៣៣ករណី, កំពុងដោះស្រាយ ១៧ករណី នឹងមិនទាន់ដោះស្រាយ ០៥ករណី។
លទ្ធផលធ្លើយតបដំណោះស្រាយ នៅឆ្នាំ២០១៩ មាន០៩សំណូមពរ គឺរដ្ឋបាលខេត្ត បានដោះស្រាយរួច ទាំង៩ករណី។ ពាក់ព័ន្ធនឹងការលើកឡើងនៅក្នុងអង្គវេទិកាឆ្នាំ២០២០នេះ វាមានបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ សរុប ២៤សំណូមពរ ភាគច្រើនពាក់ព័ន្ធ ការកសាងផ្លូវ ប្រព័ន្ធធារាសាស្រ្ត(ទ្វារទឹក) បញ្ហាដីធ្លី(បិទផ្លូវចូលផ្ទះ) ស្នើសុំទីចាត់ការសាលារៀន ០១ខ្នង ស្នើសុំថវិកាឧបត្ថម្ភប្រជាការពារ។
ជាលទ្ធផល សំណូមពរសរុបចំនួន២៤ករណី ក្នុងនោះ២ករណី ត្រូវបានដោះស្រាយបញ្ចប់ ដោយផ្តល់ថវិកាចំនួន៥ពាន់ដុល្លារ សម្រាប់ដោះស្រាយករណីបិទផ្លូវប្រជាជន ៦៨គ្រួសារ និង៣លានកន្លះ សម្រាប់ដោះស្រាយការកៀរផ្លូវបង្ហាប់ ប្រវែង ៣, ៥០០ម៉ និងចំនួន២២សំណូមពរទៀត រដ្ឋបាលខេត្ត ពិនិត្យសិក្សាបច្ចេកទេសសិន នឹងដោះស្រាយតាមយន្តការផ្សេងៗ តាមតម្រូវការជាក់ស្តែងរបស់ប្រជាជន៕