(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់ក្រុមការងារចំរុះថ្នាក់ខេត្ត ចុះដោះស្រាយបញ្ហារបស់អាជីវករផ្សារព្រែកដំបូកជំហាន២ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យក្រុមការងារ ពន្លឿនឲ្យបានឆាប់ចប់។
បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផល នៃការដោះស្រាយបញ្ហារបស់អាជីវករផ្សារព្រែកដំបូក ក្នុងជំហានទី២ ដែលរាយការណ៍ដោយ លោក ហេង វណ្ណនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះដោះស្រាយទំនាស់របស់អាជីវករផ្សារព្រែកដំបូក។
លោក អ៊ុន ចាន់ដា បានកោតសរសើរ នៃការខិតខំប្រឹងប្រែងរបស់គណៈកម្មការចំរុះថ្នាក់ខេត្ត ដែលបានដោះស្រាយបញ្ហារបស់អាជីវករនៅផ្សារព្រែកដំបូកក្នុងជំហានទី១ និងជំហាន២ ទទួលបានលទ្ធផលល្អ។
ទន្ទឹមនិងនោះដែរលោកអភិបាលខេត្ត ក៏បានជំរុញឲ្យក្រុមការងារចម្រុះថ្នាក់ខេត្ត ខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីឲ្យអាជីវករក្នុងផ្សារ ប្រកបរបរទទួលទានដូចធម្មតាវិញ។
សូមបញ្ជាក់ថា អាជីវករក្នុងផ្សារព្រែកដំបូកសរុបចំនួន១១៥នាក់ អ្នកតវ៉ាសុំរុះរើមានចំនួន ៤៧នាក់។ លទ្ធផលនៃការសម្របសម្រួលដោះស្រាយជំហ៊ាន១ និងជំហ៊ាន២ បានចំនួន១៧នាក់ លុះមកដល់ពេលនេះអ្នកតវ៉ានៅសល់តែ៣០នាក់ ស្មើនឹង២៦% នៃអាជីវករទាំង១១៥នាក់៕