(ព្រៃវែង)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២០ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលយកសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ យកមកដោះស្រាយឱ្យបានទាន់ ពេលវេលា ត្រូវបានរៀបចំធ្វើឡើងក្រោមអធិបតីលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ស្រេង ជា សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងប្រជាពលរដ្ឋ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត នៅសាលាស្រុកកញ្ចៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ជា សុមេធី បានថ្លែងថា វេទិការពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវេទិកានេះក៏បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ នូវសមិទ្ធផលដែលរដ្ឋបាលខេត្តសំរេចបាន និងគម្រោងជាអទិភាពនានានៅឆ្នាំខាងមុខ។

ជាពិសេសនោះ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ ព្រមទាំងលើកឡើងក្តីព្រួយបារម្មណ៍រួមទាំងបញ្ហាប្រឈមរបស់ខ្លួន ពិសេសក្នុងមូលដ្ឋានដែលប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីឲ្យវាគ្មិនបកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធិភាព។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការៀបចំវេទិការនេះក្នុងគោលបំណងបង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាពិបតេយ្យតាមរយៈ ការផ្តល់ព័ត៌មានដល់ ប្រជាពលរដ្ឋ អំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងឆ្នាំ២០២០។

សូមបញ្ជាក់ថា នៅក្នុងវេទិកាពិគ្រោះយោបល់នេះ បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីគម្រោងអាទិភាពនានា នៃផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២១ និងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបានព័ត៌មាន និងលើកមតិយោបល់ជូនក្រុមប្រឹក្សាហើយក៏បានទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបផងដែរ។

នៅក្នុងវេទិកានេះដែរ ក៏បានលើកឡើងអំពីបញ្ហា និងសំណូមពរមួយចំនួន ដែលប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ ដែលបានលើកឡើងនោះ គឺសូមឲ្យអាជ្ញាធរពន្លឿនក្នុងការ ការជួសជុលផ្លូវដែល រងការខូចខាត ការស្ថាបនាផ្លូវនៅតាមតំបន់ដែលកំពុងមានការខ្វះខាត បញ្ហាប្រព័ន្ធចែកចាយទឹក បញ្ហាអគ្គីសនី និងបញ្ហាដីធ្លីជាដើម ព្រមទាំងការបម្រើសេវាសាធារណៈ រួមទាំងបញ្ហាប្រឈមផ្សេងៗជាច្រើនទៀតផងដែរ។

លោកអភិបាលខេត្តក៏បានជំរុញដល់មន្ទីរពាក់ព័ន្ធ ត្រូវធ្វើការងារដែលប្រជាពលរដ្ឋលើកឡើងនេះ ត្រូវដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាពនិងគណនេយ្យភាពត្រឹមត្រូវ ហើយចំពោះបញ្ហា ដែលនៅសេសសល់ បន្ទាប់ពីការបកស្រាយរបស់អង្គភាពជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្តនិងយកទៅពិភាក្សា និងជំរុញឲ្យមានដំណោះស្រាយជាបន្តបន្ទាប់បន្ថែមទៀត៕