(ភ្នំពេញ)៖ ម៉ូតូកង់បីមួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹង បានបើកបោះពួយល្បឿនលឿន រេចង្កូតទៅបំណែកផ្លូវម្ខាងជ្រុលទៅបុករះ ម៉ូតូ២គ្រឿង ច្រាសទិស រួចជ្រុលទៅបុករថយន្តបន្តទៀត បណ្តាលឱ្យរងរបួសស្រ្តី២នាក់ធ្ងន់ធ្ងរ ចំណែកបុរម្នាក់ទៀត រងរបួសស្រាល រីឯម៉ូតូរងការខូចខាតខ្ទេច២គ្រឿង និងរថយន្តខ្ទេចមុខចំហៀងខាងឆ្វេង។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង២៖១៥នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ករណីខាងលើបង្កឡើងដោយ ម៉ូតូកង់បី១គ្រឿង ម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿង ដែលភាគីខាងម៉ូតូកង់បី ឃ្លប់បិទជិត ពាក់ស្លាកលេខភ្នំពេញ 1BX-1605 អ្នកបើកបរមិនប្រាប់ឈ្មោះ សង្ស័យប្រើប្រាស់ជាតិស្រវឹង ទោះជានគរបាលសាកសួរ ក៏មិនស្តី ហើយប៉ុនប៉ងរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចតាមចាប់មកវិញ។ ភាគីម៉ូតូម៉ាកវ៉េវអ៊ី ពាក់ស្លាកលេខកណ្តាល 1F- 0148 ជិះគ្នា២នាក់ បើកបរដោយឈ្មោះ ធឿន ចន្ថា អាយុ២៧ឆ្នាំ រងរបួសស្រាល រួមដំណើរដោយស្រ្តីម្នាក់ឈ្មោះ ជា ស្រីអូន អាយុ២៦ឆ្នាំ រងរបួសធ្ងន់។
ភាគីខាងម៉ូតូ Today ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FO-7234 បើកបរដោយស្រ្តីម្នាក់ មិនស្គាល់ឈ្មោះ រងរបួសសន្លប់ឈឹងនៅកន្លែង។ ចំណែកភាគីខាងរថយន្ត ម៉ាកបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7206 បើកបរដោយបុរសម្នាក់ រថយន្តរងការខូចខាត ខ្ទេចមួយចំហៀងខាងមុខ ផ្នែកខាងឆ្វេង។
បើតាមសាក្សី មុនកើតហេតុ ម៉ូតូកង់បីបង្កហេតុ បើកក្នុងទិសដៅពីកើតទៅលិច ល្បឿនលឿន ដែលគេសង្ស័យអ្នកបើកបរស្រវឹង លុះដល់ចំណុចខាងលើ រេចង្កូតទៅបំណែកផ្លូវម្ខាង ជ្រុលទៅបុកម៉ូតូ ចំនួន២គ្រឿងបើកច្រាសទិសដួល ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បើកច្រាសទិសគ្នាបន្តទៀតទៅមុខលែងរួច។
ក្រោយកើតហេតុ អ្នកបើកបរព្យាយាមរត់គេចតែត្រូវបានប្រជាពលរដ្ឋ និងនគរបាលប្រចាំការនៅក្បែរនោះ តាមឃាត់មកវិញ។ ចំណែកជនរងគ្រោះ ស្រ្តីម្នាក់របួសធ្ងន់ ខាងម៉ូតូ Today ត្រូវបានរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះលោកសង្ឃ ចំណែកជនរងគ្រោះ ស្រ្តីម្នាក់ទៀត ខាងម៉ូតូវ៉េវ ត្រូវបានសាច់ញាតិ ដឹកយកទៅពេទ្យដោយខ្លួនឯង។ បុរសជាអ្នកបើកបរម៉ូតូកង់បីបង្កហេតុ ត្រូវបានឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ជាបណ្តោះអាសន្ន រួមជាមួយវត្ថុតាងទាំងអស់រង់ចាំប្រគល់ជូន ផ្នែកជំនាញការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ៕