(ភ្នំពេញ)៖ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានីភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង បានសហការជាមួយសម្ព័ន្ធសមាគមផ្លាស់ប្ដូរវប្បធម៌ និងសហប្រតិបត្តិការមនុស្សធម៌ ថេហ្គូខ្យងប៊ុក-កម្ពុជា DGIEA និងមន្ទីរពេទ្យ Daegu Fatima Hospital រៀបចំកម្មវិធីពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង ថតX-Ray ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរបានចំនួន ៥០នាក់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ Daegu Fatima Hospital។
លោកស្រី KIM Sun-Mi ប្រធានមន្ទីរពេទ្យ Fatima បានថ្លែងអំណរគុណ ដល់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង និងប្រតិភូ ដែលបានអញ្ជើញមក និងលើកឡើងបន្ថែមថា ថ្ងៃនេះបានកើតឡើងពិតប្រាកដហើយ នូវគម្រោងដែលបានជជែកគ្នាពីពេលមុន ដែលស្ថានទូតកម្ពុជាបានស្នើដល់មន្ទីរពេទ្យ Fatima និងសម្ព័ន្ធ DGIEA ក្នុងការរៀបចំកម្មវិធីពិនិត្យ និងព្យាបាលសុខភាពជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។ លោកស្រីបន្ថែមថា នេះជាការចាប់ផ្ដើម ហើយនិងមានបន្ដបន្ទាប់ទៀត ដែលគម្រោងបន្ទាប់គឺមន្ទីរពេទ្យ នឹងផ្ដល់ជូនដល់ស្ថានទូតកម្ពុជាក្នុងការព្យាបាលប្រជាជនកម្ពុជា ដែលជួបការលំបាក និងខ្វះជីវភាព។
លោកឯកអគ្គរាជទូត ថ្លែងអំណរគុណដល់មន្ទីរពេទ្យ Fatima និងសម្ព័ន្ធ DGIEA និងខិតខំបន្ដពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាគុណប្រយោជន៍ដល់ប្រជាជនទាំងពីរ ហើយក៏បានស្នើដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ Fatima មេត្តាបន្ដជួយឡើងវិញដល់កម្ពុជា និងប្រជាជនកម្ពុជា លើវិស័យសុខាភិបាល ដែលកន្លងមកមន្ទីរពេទ្យបានធ្វើសកម្មភាពជាច្រើន តាមបណ្ដាខេត្តជាច្រើន បន្ទាប់ពីបានអាក់ខានមួយរយៈកាល៕