(ភ្នំពេញ)៖ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការយោធភូមិភាគទី១ អភិបាលរងខេត្តស្ទឹងត្រែង ដួងពៅ និងអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០បានចុះត្រួតពិនិត្យដែន និងផ្លូវក្រវាត់ព្រំដែន នៅខេត្តស្ទឹងត្រែង។
ខេត្តស្ទឹងត្រែងមានព្រំដែន ជាប់ជាមួយខេត្ត២ របស់ប្រទេសឡាវគឺខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ ដែលមានចម្ងាយសរុប២៥៧ គីឡូ ម៉ែត្រ ក្នុងនោះខេត្តស្ទឹងត្រែង ជាប់ជាមួយខេត្តចំប៉ាសាក់ មានចម្ងាយ១៦៦គីឡូម៉ែត្រ និងជាប់ជាមួយខេត្តអត្តពឺប្រវែង៩១ គីឡូម៉ែត្រ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញគោលនយោបាយកសាងបន្ទាត់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងឱ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ទទួលបានឱកាសដូចពលរដ្ឋនៅទីក្រុង និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ៕