Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកថ្ងៃនេះសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះសំណុំរឿង លោក សម រង្ស៉ី និងបក្ខពួក៨នាក់ទៀត ពាក់ព័ន្ធនឹងផែនការរដ្ឋប្រហារ

25-11-2020 08:09

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះលើសំណុំរឿង លោក សម រង្ស៉ី និងបក្ខពួក៨នាក់ទៀត ពាក់ព័ន្ធនឹងសំណុំរឿង «ឧបឃាត»។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News។

លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត ដែលក្នុងនោះមាន លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួល ត្រូវបានតុលាការចេញដីកាបិទប្រកាសឱ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីដោះសារលើបទចោទក្នុងសំណុំរឿង «ឧបឃាត» ប្រព្រឹត្តនៅរាជធានីភ្នំពេញ។

ដីកាប្រកាសរបស់តុលាការ សមត្ថកិច្ចបានយកទៅបិទជាប់របងអតីតស្នាក់បក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សវនាការបទល្មើសឧក្រិដ្ឋ លើបទចោទ «ឧបឃាត» នេះ មានលោក សេង ហៀង ជាតំណាងអយ្យការ ចំណែកក្រុមប្រឹក្សាជំនុំជម្រះមានលោក ឌុច សុខសារិន ជាប្រធានក្រុមប្រឹក្សា, លោក ស៊ន ប៊ុណ្ណារិទ្ធិ និងលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា៕