(ភ្នំពេញ)៖ បុរសជនជាតិហូឡង់ម្នាក់ ដែលត្រូវបាននគរបាលចរាចរ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ បញ្ជូនមក សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ(បុកទម្លុះពិដាន) និងកាត់សោនៅក្នុងបន្ទប់ឃុំឃាំង របស់សមត្ថកិច្ចបម្រុងរត់គេចខ្លួននោះត្រូវបានតំណាងអយ្យការដោះលែងហើយ នៅរសៀលថ្ងៃដដែលនេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា រហូតមកដល់រសៀលថ្ងៃដដែល លោកស្រីព្រះរាជអាជ្ញារង ស៊ឺ វណ្ណី បានសម្រេចដោះលែង បុរសបរទេសរូបនេះ ឲ្យមានសេរីភាពឡើងវិញហើយ ក្រោយពីបានពិន័យប្រាក់ចំនួន៤លានរៀល។ ទោះបីយ៉ាងណាសំណុំរឿងនេះ តុលាការនៅតែបន្តនីតិវិធីដដែល ពោលគឺនឹងបើកសវនាការជំនុំជម្រះនាពេលឆាប់ៗខាងមុខ។

លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា បុរសជនជាតិហូឡង់រូបនេះឈ្មោះ Niels Heico Come Van Klooster អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ NRB71J130 ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ មានទីលំនៅផ្ទះជួលលេខ១២ ផ្លូវលេខ២៤០ សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួន កាលពីយប់រំលងអាធ្រាត្រថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

មូលហេតុនៃការឃាត់ខ្លួននេះ ត្រូវបានលោក សែម គន្ធា បញ្ជាក់ថា ដោយសាររូបគេ មានស្ថានភាពស្រវឹង កម្រិតជាតិអាកុល0,94mg/l ខណៈជិះម៉ូតូម៉ាក YAMAHA FINO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 1B-6409 ឆ្លងកាត់គោលដៅត្រួតពិនិត្យ។ នៅពេលដែល នាំខ្លួនមកបន្ទប់ឃុំឃាំងនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្រាប់តែជននេះបានវាយកម្ទេចសោទ្វារ និងបុកទម្លុះពិដានបណ្តាលឲ្យ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕

Posted by Sheet on Thursday, February 11, 2016

 

Posted by Sheet on Wednesday, February 10, 2016