(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង០៩ ផ្សេងទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ Virtual Conference។
កិច្ចប្រជុំនេះ រៀបចំឡើងក្រោមការសម្របសម្រួលរបស់កងទ័ពជើងគោកប្រ៊ុយណេ ជាប្រធាននៃកិច្ចប្រជុំ និងក្រោមប្រធានបទ «ភាពស្អិតរមួត និងការឆ្លើយតបរបស់កងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន នៅចំពោះមុខការប្រែប្រួលបញ្ហាសន្តិសុខតំបន់ ស្របតាមគន្លងបែបបទថ្មី ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩»។
នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន បានកត់សម្គាល់អំពីបញ្ហាប្រឈមរួមរបស់កងទ័ពនៅចំពោះមុខវិបត្តិ នៃជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលធ្វើឲ្យកងទ័ព នៃប្រទេសនីមួយៗ ត្រូវរ៉ាប់រងទទួលខុសត្រូវលើការងារច្រើនក្នុងពេលតែមួយ។
ក្នុងនោះ ក្រៅពីការខិតខំ បំពេញភារកិច្ចស្នូលជាប្រចាំ ដោយត្រូវធ្វើយ៉ាងណារក្សាឲ្យការបំពេញការងារប្រព្រឹត្តទៅជាធម្មតា ទាំងការងារប្រតិបត្តិការ, ការងារហ្វឹកហ្វឺន និងកិច្ចសហការផ្សេងៗ ស្របតាមគន្លងបែបបទថ្មី នៃជំងឺកូវីដ-១៩ កងទ័ពក៏ត្រូវមានភារកិច្ចចូលរួមជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតនៃជំងឺនេះ ដើម្បីការពារសុខភាព និងអាយុជីវិតប្រជាជនផងដែរ។
ឆ្លងតាមបទបង្ហាញរបស់កងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាននីមួយៗ លើបទពិសោធន៍ នៃការឆ្លើយតបចំពោះជំងឺកូវីដ-១៩ កិច្ចប្រជុំក៏បានកត់សម្គាល់ អំពីជោគជ័យក្នុងកម្រិតផ្សេងៗគ្នា នៃការចូលរួមរបស់កងទ័ពក្នុងការគាំទ្រដល់រដ្ឋាភិបាល នៃប្រទេសរៀងៗ ខ្លួនលើការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺ រាតត្បាតសាកលនេះ។
ក្នុងនោះកងទ័ពបានដើរតួនាទីយ៉ាងសំខាន់ ទាំងនៅក្នុងការចូលរួមរៀបចំផែនការ, ការផ្តល់នូវសម្ភារៈ និងការដឹកជញ្ជូន, ការប្រើប្រាស់កម្លាំងសុខាភិបាល, ការសហការជាមួយស្ថាប័ននគរបាល នៅក្នុងការត្រួតពិនិត្យនៅតាមច្រកព្រំដែន និងការអនុវត្តដោយម៉ឺងម៉ាត់នូវរាល់វិធានការសុខាភិបាលទប់ស្កាត់ បាននូវការចម្លង នៅក្នុងអង្គភាពជាដើម។
ជាពិសេស ទោះនៅក្នុងកាលៈទេសៈ នៃវិបត្តិនេះ កងទ័ពក៏នៅតែខិតខំព្យាយាមរក្សាបាននូវសមត្ថភាពពេញលេញ និងការត្រៀមលក្ខណៈគ្រប់ពេលវេលា អាចបំពេញភារកិច្ច និងប្រតិបត្តិការស្ទើរដូចធម្មតា។ ជាក់ស្តែង ខណៈដែលបណ្តាប្រទេសអាស៊ានភាគច្រើន ទទួលរងនូវវិបត្តិគ្រោះទឹកជំនន់ និងខ្យល់ព្យុះ ដែលកន្លងទៅថ្មីៗនេះ កងទ័ពបានចូលរួមយ៉ាងសកម្ម ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជារួមនៅចំពោះមុខវិបត្តិ នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមិនទាន់លុបបំបាត់បាននៅឡើយ កិច្ចប្រជុំបានកត់សម្គាល់អំពីតម្រូវការ នៃការជំរុញ កិច្ចសហប្រតិបត្តិការរួមគ្នា រវាងកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីដោះស្រាយបញ្ហាសន្តិសុខទាំងប្រពៃណី និងមិនមែនប្រពៃណី រួមទាំងបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាកំពុងប្រឈមថ្មីនេះ តាមរយៈការពិចារណារៀបចំសកម្មភាពសហប្រតិបត្តិការមួយចំនួនដូចជា ការជួបប្រជុំ, ការផ្លាស់ប្តូរ បទពិសោធន៍របស់នាយទាហានគ្រប់ជាន់ថ្នាក់ និងការធ្វើលំហាត់លើតុតាមប្រព័ន្ធ ICT ទន្ទឹមនឹងការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាព នៅក្នុងវិស័យ សន្តិសុខព័ត៌មានវិទ្យា ដើម្បីឲ្យការទំនាក់ទំនងតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះ រក្សាបាននូវសុវត្ថិភាពខ្ពស់។
ក្នុងអំឡុងពេលកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីភាពជោគជ័យរបស់កម្ពុជា នៅក្នុងការគ្រប់គ្រងស្ថានភាព នៃវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែលថ្មីៗនេះ ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសសេណេហ្គាល់ បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសលេខ៣ ក្នុងចំណោម១៦៦ ប្រទេសក្នុងពិភពលោក និងជាប្រទេសលេខ១ នៅក្នុងទ្វីបអាស៊ី ចំពោះប្រសិទ្ធភាព នៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ និងបានសង្កត់ធ្ងន់ថា ភាពជោគជ័យនេះ មិនមែនជាការចៃដន្យនោះទេ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ជាក់ស្តែងណាស់ គឺជាជោគជ័យដែលកើតឡើងដោយសមត្ថភាព នៃការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា របស់រាជរដ្ឋាភិបាលកម្ពុជា លើស្ថានភាពនៃវិបត្តិនេះ តាមរយៈការដាក់ចេញនូវវិធានការឆ្លើយតបជាច្រើន ប្រកបដោយភាពម៉ឺងម៉ាត់។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការជួបប្រជុំលើកទី២ តាមរយៈប្រព័ន្ធ Virtual Conference រវាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន បន្ទាប់ពីជំនួបពិសេសកាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ៕