(ព្រះសីហនុ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការទទួលអនុសាសន៍ UPR របស់អង្គការសហប្រជាជាតិ គឺបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។
ការបញ្ជាក់របស់ លោក កែវ រ៉េមី បានធ្វើឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍ នៃយន្តការពិនិត្យជាសាកលតាមកាលកំណត់ (UPR) ជុំទី៣ ឆ្នាំ២០២០ ដោយមានការចូលរួមពី លោក ជាម ហ៉ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ព្រមទាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជារូបច្រើនទៀត។
មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការទទួលយកអនុសាសន៍ UPR នេះ គឺបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងការលើកកម្ពស់សិទ្ធិមនុស្ស ហើយរាជរដ្ឋាភិបាលចាំបាច់ត្រូវធ្វើការផ្សព្វផ្សាយអនុសាសន៍ UPR នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យគ្រប់ក្រសួង មន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់ យកអនុសាសន៍នេះទៅអនុវត្ត ដើម្បីធ្វើឱ្យប្រសើរឡើងលើវិស័យសិទ្ធិមនុស្ស»។
គោលបំណងពីសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយអំពីរបាយការណ៍ UPR និងអនុសាសន៍ UPR ដែលកម្ពុជាទទួលយក។ បន្ថែមពីនេះ ប្រទេសកម្ពុជាបានឆ្លងរបាយការណ៍ UPR នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដែលមានប្រទេសចំនួន ៧៣បានចូលរួម និងបានផ្តល់អនុសាសន៍ចំនួន១៩៨ ដោយប្រទេសកម្ពុជា បានទទួលយកអនុសាសន៍ចំនួន១៧៣ និងធ្វើការកត់សម្គាល់ចំនួន២៥។
លោក កែវ រ៉េមី ដែលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា របាយការណ៍ UPR គឺជារបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់រដ្ឋដែលជាសមាជិក របស់អង្គការសហប្រជាជាតិ ហើយបណ្តារដ្ឋនីមួយៗត្រូវមានកាតព្វកិច្ចក្នុងការធ្វើរបាយការណ៍ ការពាររបាយការណ៍រយៈពេល៤ ឬ៥ឆ្នាំម្តង ហើយកម្ពុជា បានធ្វើការការពាររបាយការណ៍លើកទី១ នៅឆ្នាំ២០០៩, លើកទី២ នៅឆ្នាំ២០១៤ និងលើកទី៣ នៅឆ្នាំ២០១៩។
លោក កែវ រ៉េមី បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការ ការពារ ក៏ដូចជាការលើកស្ទួយសិទ្ធិមនុស្ស និងបានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សដែលមានការទទួលស្គាល់ និងការវាយតម្លៃខ្ពស់ចំពោះកម្ពុជា។ ឧទាហរណ៍ដូចជាការទទួលយកកតិការសញ្ញា និងអនុសញ្ញាចំនួន០៨ លើ០៩ ដែលប្រទេសកម្ពុជា ទទួលយក និងជាប្រទេសមួយដែលឈានមុខគេនៅក្នុងតំបន់អាស៊ាន។
លោក កែវ រ៉េមី បានបន្តថា ការបើកឱ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៩២ និងវត្តមានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន បានធ្វើឱ្យប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលបានបើកទូលាយលើបញ្ហាសិទ្ធិមនុស្ស ការគោរពកតិការសញ្ញា អនុសញ្ញា ច្បាប់រដ្ឋធម្មនុញ្ញ និងការគោរពច្បាប់នានា ព្រមទាំងសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ជាពិសេសទៀតនោះនៅក្នុងរដ្ឋធម្មនុញ្ញ របស់កម្ពុជាបានចែងថា ទោសប្រហារជីវិត មិនត្រូវមានឡើយ។
ទន្ទឹមនឹងនេះដែរ លោក កែវ រ៉េមី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ បានពួតដៃគ្នាគោរពសិទ្ធិ និងបានធ្វើឱ្យប្រសើរឡើងចំពោះស្ថានភាពសិទ្ធិមនុស្ស បន្ថែមពីនេះ ប្រទេសកម្ពុជានឹងមានរបាយការណ៍ជុំទី០៤ នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីដាក់ជូនអង្គការសហប្រជាជាតិ ផងដែរ។
ពាក់ព័ន្ធនឹងចំណុចនេះដែរ មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនពីរ ជាសមាជិកអាស៊ាន ដែលបានលុបចោលការកាត់ទោសប្រហារជីវិតសម្រាប់គ្រប់បទឧក្រិដ្ឋទាំងអស់។ កម្ពុជា គឺជាប្រទេសដែលមានអារ្យធម៌ និងវប្បធម៌រុងរឿង ហើយបច្ចុប្បន្នកំពុងធ្វើជាគំរូឈានមុខគេនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការដាក់ទោសប្រហារជីវិត។ ប្រទេសកម្ពុជាអាចមានមោទនភាពនៅក្នុងផ្នែកច្បាប់ទៅលើបទពិសោធន៍ដែលទទួលបានពីអតីតកាលរបស់ខ្លួន និងបានក្លាយជាប្រទេសលុបចោលទោសប្រហារជីវិត ក្នុងតំបន់ដែលគួរតែយកគំរូតាមទាំងផ្លូវច្បាប់ និងការកាត់ទោស។ ដូច្នេះ ប្រទេសកម្ពុជា គឺជាគំរូសម្រាប់តំបន់អាស៊ានទាំងមូល។
លោកបានបន្ថែមថា ប្រទេសកម្ពុជា បានលុបចោលទោសប្រហារជីវិតនៅក្នុងឆ្នាំ១៩៨៩ និងមានរយៈពេលលុបចោលទោសប្រហារជីវិតជាប់រហូតយូរជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។ កាលពីទសវត្សរ៍កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មី អំពីការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្នុងការលុបចោលទោសប្រហារជីវិតដោយបានបន្តបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពី ការព្យួរទុកបណ្ដោះអាសន្ននូវការប្រើប្រាស់ទោសប្រហារជីវិត។ សេចក្ដីសម្រេចទាំងនេះ បានអំពាវនាវឱ្យបណ្ដារដ្ឋដែលជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ដែលបានចុះហត្ថលេខា នៅលើមាត្រា៣ និងមាត្រា៥ នៃសេចក្ដីប្រកាសជាសកលស្ដីពី សិទ្ធិមនុស្សដែលបានចែងថា ដើម្បីលុបចោលទោសប្រហារជីវិត «បុគ្គលម្នាក់ៗ មានសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខផ្ទាល់ខ្លួន» និង «គ្មានជនណាម្នាក់ត្រូវទទួលទារុណកម្ម ឬទណ្ឌកម្ម ឬប្រព្រឹត្តកម្មកាចសាហាវឥតមនុស្សធម៌ ឬថោកទាបបានឡើយ»។
បើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ចៅក្រម តំណាងអយ្យការ ពន្ធនាគារ ពិសេសអ្នកនាំពាក្យតាមអង្គភាពនីមួយៗអំពីខ្លឹមសារនៃរបាយការណ៍ជាតិស្ដីពីការពិនិត្យជាសកលតាមការកំណត់នៃការរៀបចំរបាយការណ៍ជាតិ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សលើគ្រប់វិស័យនៅកម្ពុជា។
លោក គួច ចំរើន បានបន្តថា គិតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលឯកសារពាក់ព័ន្ធសំណើដីធ្លី និងវិវាទដីធ្លីមកពីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋមកដាក់ពាក្យស្នើសុំនៅរដ្ឋបាលខេត្តមានចំនួន ១,០១៦ករណី ក្នុងនោះរដ្ឋបាលខេត្ត បានឆ្លើយតបទៅម្ចាស់សំណើរ បានចំនួន ១៨៣ករណី, ធ្វើរបាយការណ៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៦០ករណី, បញ្ជូនទៅស្ថាប័នពាក់ព័ន្ធដើម្បីជាសមត្ថកិច្ចចំនួន ៨៤ករណី, ដោះស្រាយនិងសម្របសម្រួលចប់ចំនួន ១៥ករណី។ សរុបមានចំនួន ៣៤២ករណី។ ក្នុងនោះបណ្តឹងមកពីគណៈកម្មាធិការសិទ្ធិមនុស្សពីរករណី ករណីទី១៖ ស្ថិតក្នុងសមត្ថកិច្ចតុលាការ និងករណីទី២៖ មន្ទីរបរិស្ថានកំពុងពិនិត្យស្រាវជ្រាវ។
ក្នុងនោះ លោក កែវ រ៉េមី បានថ្លែងការកោតសរសើរលោកអភិបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំបំពេញការងារសិទ្ធិមនុស្សបានល្អក្នុងខេត្ត ថ្វីត្បិតតែពាក់ពន្ធ័នឹងបណ្តឹងមានការកើនឡើង គឺមហាជនមានជំនឿទុកចិត្តមកលើការដឹកនាំរបស់រដ្ឋបាលខេត្ត ក្នុងការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា។
សូមបញ្ជាក់ថា នៅក្នុងអង្គសិក្ខាសាលានេះ ក៏បានលើកឡើងពីប្រធានបទចំនួន៣ រួមមានប្រធានបទទី១៖ របាយការណ៍ UPR របាយការណ៍ត្រួតពិនិត្យតាមការកំណត់, ប្រធានបទទី២៖ គឺខ្លឹមសារនៃរបាយការណ៍ UPR និងប្រធានបទទី៣៖ គឺការការពាររបាយការណ៍ UPR នៅអង្គការសហប្រជាជាតិ និងការទទួលយកអនុសាសន៍ជុំទី៣៕