Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកផ្សារមូលបត្រកម្ពុជា ប្រាប់ពីវិធីសាស្ត្រងាយៗមើលក្រុមហ៊ុន សម្រាប់វិនិយោគទិញភាគហ៊ុនឲ្យចំណេញ (Video inside)

24-11-2020 15:47

(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់អំពីវិធីសាស្ដ្រងាយៗ ពីការជ្រើសរើសក្រុមហ៊ុន សម្រាប់វិនិយោគក្នុងផ្សារមូលបត្រកម្ពុជា (ផ្សារហ៊ុន) ឲ្យបានចំណេញ និងជៀសវាងហានិភ័យខាតបង់ប្រាក់។

ក្នុងបទសម្ភាស កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News លោក ហុង សុហួរ បានបញ្ជាក់ថា ការទិញភាគហ៊ុន មានហានិភ័យម្យ៉ាង ប្រសិនជាយើងមិនសូវចេះមើលក្រុមហ៊ុន និងមិនសូវចេះវិភាគអំពីស្ថានភាពទីផ្សារ ដែលធ្វើឲ្យយើងអាចជ្រើសរើសក្រុមហ៊ុនមិនសូវបានល្អ។

ដើម្បីជ្រើសរើសក្រុមហ៊ុន សម្រាប់វិនិយោគក្នុងផ្សារហ៊ុនឲ្យចំណេញនោះ លោក ហុង សុហួរ បានប្រាប់អំពីការរៀនមើល វិធីសាមញ្ញងាយៗ រួមមាន៖

* តាមដានក្រុមហ៊ុន ដែលយើងចង់វិនិយោគ តើអាចមានដំណើរការ បានរយៈពេលយូរ ឬទេ (ប្រសិនជាវិនិយោគ រយៈពេលវែង)
* តាមដានកំណើនប្រចាំឆ្នាំ របស់ក្រុមហ៊ុននោះ ដោយមើលក្នុងរយៈពេល៣-៥ឆ្នាំចុងក្រោយ តើមានការកើនឡើងក្នុងកម្រិតណា?

លោក ហុង សុហួរ បានគូសបញ្ជាក់ថា ក្រុមហ៊ុនចុះបញ្ជីមួយចំនួន នៅក្នុងផ្សារមូលបត្រកម្ពុជា មានការកើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុងនោះ មានការកើនឡើងពី១៥ ទៅ២០ភាគរយ ហើយពេលខ្លះ មានក្រុមហ៊ុនខ្លះ មានការកើនឡើង លើសពី២០ភាគរយទៀតផង។

លោក ហុង សុហួរ បានបញ្ជាក់ថា ការវិនិយោគក្នុងផ្សារហ៊ុន អ្នកខ្លះអាចគិតថា វាមានភាពស្មុគស្មាញ ប៉ុន្ដែបើសិនជាដឹងអំពីវិធីសាស្ដ្រ និងចេះជ្រើសរើសក្រុមហ៊ុន ដែលមានកំណើនជាប្រចាំនោះ វានឹងមានងាយស្រួល ដោយមិនភាពស្មុគស្មាញនោះឡើយ។

សូមជម្រាបថា ផ្សារមូលបត្រកម្ពុជា ចាប់ផ្តើមដំណើរការចាប់ឆ្នាំ២០១២ មកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនចុះបញ្ជីចំនួន១៣ ក្នុងនោះមានក្រុមហ៊ុនចំនួន ៧ ចុះបញ្ជីបោះលក់ភាគហ៊ុន និងចំនួន៦ ជាក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបត្រ (មូលបត្របំណុល)។

គិតមកត្រឹមខែតុលា ឆ្នាំ២០២០ ផ្សារមូលបត្រកម្ពុជា មានវិនិយោគិន (អ្នកចុះឈ្មោះបើកគណនី ដើម្បីជួញដូរភាគហ៊ុន) ប្រមាណ២.៦ម៉ឺននាក់។

រយៈពេល២ឆ្នាំចុងក្រោយនេះ ទំហំជួញដូរក្នុងផ្សារហ៊ុន មានកើនឡើងគួរឲ្យកត់សម្គាល់ ដែលឆ្នាំ២០១៨ ទំហំជួញដូរមានត្រឹមតែជាង២ម៉ឺនដុល្លារ ដល់ឆ្នាំ២០១៩ កើនឡើងជាង១៥ម៉ឺនដុល្លារក្នុង១ថ្ងៃ។ តែក្នុងឆ្នាំ២០២០នេះ ដោយសារវិបត្តិកូវីដ១៩ ធ្លាក់ចុះបន្តិចត្រឹមតែជាង១៣ម៉ឺនដុល្លារក្នុង១ថ្ងៃ៕